ដំណឹងល្អដើមខែ! ក្រុមហ៊ុនធំៗមកពីសហអាមេរិកចំនួន ១៣ សម្លឹងរកមើលឱកាសវិនិយោគនៅកម្ពុជា
អាជីវកម្ម May 6, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនធំៗមកពីសហរដ្ឋអាមេរិកប្រមាណចំនួន ១៣ បានបង្ហាញការចាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា។ នេះជាដំណឹងដ៏រីករាយមួយសម្រាប់ប្រទេសកម្ពុជា ដែលក្រុមហ៊ុនមានលំដាប់អន្តរជាតិចាប់អារម្មណ៍មកវិនិយោគ។

គោលបំណងនេះ ត្រូវបានបង្ហាញពិភាក្សាការងាររវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដែលដឹកនាំដោយ ឯកឧត្តមឯកអគ្គរដ្ឋទូត ម៉ៃឃើល មីឆាឡាក់ (Ambassador Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគមកពីសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ តាមការចុះផ្សាយរបស់ក្រសួង ក្រុមហ៊ុនដែលចង់វិនិយោគនៅកម្ពុជារួមមាន៖ ក្រុមហ៊ុននវានុវត្តន៍សកល 3M, ក្រុមហ៊ុនផលិតផលអាហារូបត្ថម្ភ Abbott, ក្រុមហ៊ុនបច្ចេកវិទ្យាសូហ្វវ៉ែ Amazon, ក្រុមហ៊ុនប្រេង Chevron, ក្រុមហ៊ុនប្រេង ConocoPhillips, ក្រុមហ៊ុនផ្តល់ថាមពល និងផលិតផលគីមី ExxonMobil, ក្រុមហ៊ុនរថយន្ត Ford, ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Meta, ក្រុមហ៊ុនទូទាត់តាមឌីជីថល Visa, ក្រុមហ៊ុននាំចូលនិងចែកចាយស្រា Pernod Ricard, ក្រុមហ៊ុនជីវបច្ចេកវិទ្យា Roche, ក្រុមហ៊ុនក្រុមហ៊ុនថ្នាំជក់អន្តរជាតិ Phillip Morris និងសម្ព័នក្រុមហ៊ុន RMA Group (រថយន្ត គ្រឿងបរិក្ខារ សេវាកម្ម និងម្ហូបអាហារ)។

សូមជម្រាបថា យោងតាមប្រសាសន៍របស់ឯកអគ្គរដ្ឋទូត តំណាងក្រុមហ៊ុនទាំងអស់បានបង្ហាញពីសុទិដ្ឋិនិយម និងទំនុកចិត្តលើសក្ដានុពលនៃកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា ជាពិសេសនៅក្នុងឆ្នាំនេះ ដែលកំណើនសេដ្ឋកិច្ចនឹងត្រលប់មករកភាពវិជ្ជមានឡើងវិញ។ ជាងនេះទៅទៀត ក្រុមហ៊ុនទាំងនោះបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច និងផ្ដល់កិច្ចសហការល្អដល់ពួកគេ ដែលអនុញ្ញាតឱ្យពួកគេបង្កើនការវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេបន្ថែមនៅកម្ពុជា៕

អត្ថបទ៖ លីនី