ក្រុមហ៊ុន Apple Inc កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា បានព្យាករណ៍ពីបញ្ហាកាន់តែធំដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ និងការលក់របស់ខ្លួនក្នុងនោះមានដូចជា ការផ្អាកផលិតកម្ម និងតម្រូវការនៅប្រទេសចិនដោយសារជំងឺកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន ដែលក្រុមហ៊ុនសម្លឹងឃើញថាជាទីផ្សារដែលត្រូវពង្រីកខ្លួន បានធ្វើឱ្យការលក់ និងកំណើនសេវាកម្មយឺត។
ក្រៅពីបញ្ហាប្រឈមធំៗខាងលើ ភាគហ៊ុនក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោកមួយនេះ ក៏បានធ្លាក់ចុះ ២.២ ភាគរយនៅក្នុងការជួញដូរ បន្ទាប់ពីនាយកប្រតិបត្តិ បានបង្ហាញនូវទស្សនវិស័យមិនល្អរបស់ពួកគេនៅក្នុងសន្និសីទមួយតាមរយៈវិដេអូខល។ ក្នុងនោះ ប្រធានផ្នែកហិរញ្ញវត្ថុ Luca Maestri បានព្រមានថា សង្រ្គាមនៅអ៊ុយក្រែន ដែលនាំឱ្យ Apple បញ្ឈប់ការលក់នៅក្នុងប្រទេសរុស្ស៊ី នឹងកាត់បន្ថយការលក់កាន់តែច្រើននៅក្នុងត្រីមាសទី៣ នៃឆ្នាំសារពើពន្ធ។
លោក Luca បានបន្ថែមទៀតថា បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់នឹងប៉ះពាល់ដល់ការលក់ក្នុងត្រីមាសពី ៤ពាន់លានដុល្លារទៅ ៨ពាន់លានដុល្លារ “ធំជាង” និង ខ្លាំងជាងការប៉ះទង្គិចនៅក្នុងត្រីមាសទីពីរ។ មិនតែប៉ុណ្ណោះ បញ្ហាផ្គត់ផ្គង់ត្រូវបានផ្តោតលើច្រករបៀងមួយក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដោយសារជំងឺកូវីដ-១៩ និងកង្វះបន្ទះឈីប។
ទោះបីជាយ៉ាងណាក្ដី លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយថា ស្ទើរតែទាំងអស់នៃរោងចក្រចិនដែលធ្វើការដំឡើងចុងក្រោយនៃផលិតផល Apple បានដំណើរការឡើងវិញបន្ទាប់ពីការបិទដោយសារជំងឺ កូវីដ-១៩ នាពេលថ្មីៗនេះ ប៉ុន្តែក្រុមហ៊ុនមិនបានព្យាករណ៍ថានៅពេលណាដែលការខ្វះខាតបន្ទះឈីប ដែលភាគច្រើនប៉ះពាល់ដល់ផលិតផលចាស់ៗនឹងបញ្ចប់ឡើយ។
គួរបញ្ជាក់ផងដែរថា ប្រាក់ចំណូលក្នុងត្រីមាសទីពីរនៃសារពើពន្ធសរុបរបស់ក្រុមហ៊ុន Apple មានចំនួន ៩៧.៣ ពាន់លានដុល្លារ កើនឡើង ៨.៦ ភាគរយធៀបនឹងឆ្នាំមុន និងខ្ពស់ជាងការប៉ាន់ស្មានជាមធ្យមរបស់អ្នកវិភាគចំនួន ៩៣.៨៩ ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យរបស់ Refinitiv។ ប្រាក់ចំណូលពីការលក់ទូរស័ព្ទទូទាំងពិភពលោកមានចំនួន ៥០.៦ ពាន់លានដុល្លារ កើនឡើង ៥.៥ ភាគរយធៀបនឹងឆ្នាំមុន ហើយការលក់សេវាកម្មបានកើនឡើង ១៧ភាគរយដល់ ១៩.៨ ពាន់លានដុល្លារ ទាំងមុនការព្យាករណ៍ជាមធ្យមរបស់អ្នកវិភាគ៕



អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


