ក្រុមហ៊ុនផលិត Drone ដ៏ធំរបស់ចិនឈ្មោះថា DJI Technology Co Ltd បាននិយាយថា ខ្លួននឹងផ្អាកអាជីវកម្មជាបណ្ដោះអាសន្ននៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។
តាមសារព័ត៌មានដដែល ការប្រកាសផ្អាកនេះ បានធ្វើឱ្យក្រុមហ៊ុន DJI Technology Co Ltd ក្លាយជាក្រុមហ៊ុនចិនដំបូងគេដែលបានបញ្ឈប់ការលក់ទៅឱ្យប្រទេសរុស្ស៊ីចាប់តាំងពីប្រទេសនេះបានឈ្លានពានប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ។ ក្រុមហ៊ុនឯកជននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា “DJI កំពុងវាយតម្លៃផ្ទៃក្នុងឡើងវិញនូវតម្រូវការអនុលោមតាមច្បាប់នៅក្នុងយុត្តាធិការផ្សេងៗ។ ដោយរង់ចាំការត្រួតពិនិត្យបច្ចុប្បន្ន DJI នឹងផ្អាកសកម្មភាពអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនជាបណ្តោះអាសន្ន”។
គួរបញ្ជាក់ថា បើទោះបីជាក្រុមហ៊ុនលោកខាងលិចបានដកខ្លួនចេញពីប្រទេសរុស្ស៊ីក្នុងការតវ៉ាក៏ដោយ ក៏ក្រុមហ៊ុនចិនជាច្រើនបានបន្តប្រតិបត្តិការនៅទីនោះដោយប្រកាន់យកជំហររបស់ទីក្រុងប៉េកាំង ក្នុងការបដិសេធពីការរិះគន់ទៅលើទីក្រុងម៉ូស្គូជុំវិញការឈ្លានពាននេះ។
ជាមួយគ្នានេះដែរ មន្ត្រី និងពលរដ្ឋអ៊ុយក្រែនបានចោទប្រកាន់ក្រុមហ៊ុន DJI ដែលជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក និងឧស្សាហកម្មធំជាងគេលើពិភពលោក ពីការលេចធ្លាយទិន្នន័យស្តីពីយោធាអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


