បន្ទាប់ពីចរចាគ្នាអស់ជាច្រើនសប្ដាហ៍ ទីបំផុតមហាសេដ្ឋីលំដាប់លេខ១ លោក Elon Musk បានសមបំណងហើយ ដោយអាចគ្រប់គ្រងបណ្ដាញសង្គមយក្ស Twitter បន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់បណ្ដាញសង្គមមួយនេះ ព្រមលក់ទៅឱ្យលោក Elon Musk ជាផ្លូវការក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។
យ៉ាងណាមិញបន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានទិញយក Twitter លោក Jack Dorsey សហស្ថាបនិក Twitter បានបង្ហោះថាសារមួយឃ្លា៖ ” Elon Musk គឺជាមនុស្សតែម្នាក់គត់ដែលអាចដោះស្រាយបញ្ហាបាន និងជាមនុស្សតែម្នាក់គត់ដែលដឹកនាំក្រុមហ៊ុនបាន”។
ទន្ទឹមនឹងនេះដែរ លោក Jack Dorsey ក៏បានបន្ថែមថា ការទាញយក Twitter ឱ្យជាបណ្ដាញសង្គមមានលក្ខណៈឯកជន ពី Wall Street គឺជា “ជំហានដំបូងដ៏ត្រឹមត្រូវ” ហើយគាត់គាំទ្រចំពោះការទិញរបស់ Musk ហើយនឹងបង្កើតទំនាក់ទំនងល្អជាមួយគាត់។ គួរបញ្ជាក់ថា លោក Dorsey ដែលបានលាលែងពីតំណែងជានាយកប្រតិបត្តិកាលពីខែវិច្ឆិកា ហើយចាប់តាំងពីការចាកចេញពីតំណែងជានាយកប្រតិបត្តិមក លោក Dorsey បានគាំទ្រការប៉ុនប៉ងរបស់ Musk ដើម្បីទិញ Twitter ខណៈពេលដែលកំពុងបង្កើត “ចំណងមិត្តភាព” ជាមួយស្ថាបនិក Tesla លើការចែករំលែករបស់ពួកគេចំពោះរូបិយប័ណ្ណគ្រីបតូ៕


អត្ថបទ៖ លីនី
ប្រភព៖ businessinsider


