លោក Xin Youzhi គឹជាកំពូលអ្នកលក់អនឡាញនៅក្នុងប្រទេសចិន កើតចេញពីគ្រួសារកសិករ នៅភូមិតូចមួយនៅភាគឦសានប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។ ទោះជាកូនកសិករ បច្ចុប្បន្នលោក Xin អាចរកចំណូលបានរាប់លានដុល្លារក្នុងមួយថ្ងៃ ដោយការឡាយលក់ផលិតផលជាច្រើននៅលើវេទិកាចិនធំៗដូចជា៖ Taobao, Douyin និង Kuaishou។
លោក Xin Youzhi បានហៅខ្លួនឯងថា Xinba ដោយដាក់តាម Simba (the Lion King) ដែលជាស្ដេចតោ ហើយក៏ត្រូវបានចាត់ទុកជា “ស្ដេចលក់” នៅលើវេទិកា Kuaishou ផងដែរជាមួយនឹងអ្នកគាំទ្រជាង ៣៧លាននាក់។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៩ កំពូលអ្នកលក់ Xinba រកចំណូលបានជាង ១.៩ ពាន់លានដុល្លារអាមេរិក ក្នុងការលក់តាមរយៈការឡាយបន្តផ្ទាល់របស់គាត់ក្នុងឆ្នាំ២០១៩ ហើយគោលដៅរបស់គាត់ គឺបង្កើនចំនួនដល់ ១៤ពាន់លានដុល្លារក្នុងឆ្នាំ២០២០។
មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលពិធីបុណ្យទិញទំនិញនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាពិធីបុណ្យមួយនៅលើ Kuishou ស្រដៀងទៅនឹងថ្ងៃ Singles’ Day របស់ Alibaba Xinba រកចំណូលបានច្រើនជាង ៥៧លានដុល្លារពីការលក់ក្នុងមួយថ្ងៃ។ លើសពីនេះ សូម្បីតែថ្ងៃរៀបការរបស់ខ្លួន ក៏កំពូលស្ដេចលក់មួយនេះ ឆ្លៀតចំណាយពេល ៩០នាទី ឡាយលក់ផលិតផល បីរកចំណូលបានជាង ១៨លានដុល្លារ។
យ៉ាងណាមិញ ក្រៅពីជាកំពូលអ្នកលក់នៅចិន Xinba ក៏ជាសប្បុរសជនម្នាក់ដែរ ដោយលោកបានអះអាងថាក្រុមហ៊ុនរបស់ខ្លួនបានបរិច្ចាគប្រាក់ចំនួន ២១លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានៅទីក្រុង Wuhan ។ ហើយកូនកសិកររូបនេះក៏បានបរិច្ចាគសម្ភារពេទ្យដល់ស្រុកកំណើតរបស់គាត់ក្នុងខេត្ត Heilongjiang ផងដែរ៕



អត្ថបទ៖ លីនី
ប្រភព៖ scmp


