ចិត្តធម៌មែន! ក្រុមហ៊ុនផលិតឧបករណ៍ក្មេងលេងរបស់ប្រទេសជប៉ុនមួយ ផលិតរបស់លេងដ៏ទាក់ទាញដើម្បីលក់យកលុយជួយកុមារនៅក្នុងប្រទេសអ៊ុយក្រែន
អាជីវកម្ម April 8, 2022 Khmernote

ក្រុមហ៊ុនផលិតឧបករណ៍ក្មេងលេងរបស់ប្រទេសជប៉ុនមួយ បានផលិតរបស់ក្មេងលេងដាក់លក់ ដើម្បីជួយកុមារនៅក្នុងប្រទេសអ៊ុយក្រែន។ “Comomg” នៅទីក្រុង Kawaguchi គឺជារោងចក្រផលិតឧបករណ៍ក្មេងលេង ធ្វើពីឈើ និងធ្វើសម្រាប់ទារក។ រោងចក្របានចាប់ផ្ដើមផលិតរបស់ក្មេងលេងជារូបផ្សិតដែលមានឌីហ្សាញពណ៌ខៀវ និងលឿង ដូចគ្នាទៅនឹងទង់ជាតិអ៊ុយក្រែន។

នៅដើមខែមីនា រោងចក្របានចាប់ផ្តើមលក់របស់ក្មេងលេងក្នុងតម្លៃ ១,៨០០ យ៉េន ឬប្រហែល ១៥ដុល្លារ ហើយបានបរិច្ចាគពាក់កណ្តាលនៃប្រាក់ចំណេញដល់អង្គការអន្តរជាតិ Save the Children ។ រោងចក្រ​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ ខ្លួន​បាន​លក់​​បាន​ប្រហែល ៨៤០ គ្រឿង ហើយ​បាន​បរិច្ចាគ​ប្រហែល ៦ ពាន់​ដុល្លាររួចមកហើយ។

បុរស​ម្នាក់​ក្នុង​វ័យ​ ២០​ឆ្នាំ​បាន​ទិញរបស់លេង​មួយ​សម្រាប់​កូន​ប្រុស​អាយុ​មួយ​ឆ្នាំ​របស់​គាត់ ដោយគាត់​បាន​និយាយ​ថា គាត់​ទិញ​វា​ព្រោះ​ការ​ទិញនេះ បានជួយ​ដល់​កុមារ​អ៊ុយក្រែន។ គាត់បានបន្ថែមថា គាត់ចង់ប្រាប់កូនប្រុសរបស់គាត់នៅពេលក្រោយអំពីសារៈសំខាន់នៃសន្តិភាពនិងសេចក្តីសប្បុរស។

ប្រធាន​រោងចក្រ​លោក Komatsu Kazuto និយាយ​ថា មនុស្ស​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​គាំទ្រ​អ៊ុយក្រែន។ គាត់ក៏បាននិយាយផងដែរថា នៅពេលដែលមនុស្សឃើញក្មេងៗលេងជាមួយតុក្កតា គាត់ចង់ឱ្យពួកគេគិតអំពីជនជាតិអ៊ុយក្រែនដែលត្រូវបានបាត់បង់ជីវិតប្រចាំថ្ងៃធម្មតារបស់ពួកគេ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk