ប្រថុយខ្ចីលុយសន្សំរបស់ម្ដាយលក់ខោអាវជជុះនៅលើអ៉ីនធឺណេត តស៊ូរហូតកសាងបានយីហោសម្លៀកបំពាក់តម្លៃរាប់លានដុល្លារល្បីពេញពិភពលោក
អាជីវកម្ម April 7, 2022 Khmernote

ក្នុងការចាប់ផ្ដើមអាជីវកម្មនីមួយៗមិនមែនជារឿងងាយស្រួលនោះទេ ហើយវាក៏ជាការប្រថុយប្រថានមួយផងដែរ ក្នុងករណីដែលអាជីវកម្មដើរទៅមុខនោះយើងនឹងទទួលបានជោគជ័យ ប៉ុន្តែប្រសិនបើខាតឡុងចុងយើងត្រូវចាត់ទុកជាបទពិសោធន៍។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដីការប្រថុយប្រថានរបស់សហគ្រិនវ័យក្មេង Rachel Lim ក្នុងការបង្កើតឧស្សាហកម្មលក់រាយបានធ្វើឲ្យនាងអាចផ្លាស់ប្ដូរជីវិតរបស់នាងរួមទាំងក្រុមគ្រួសារនូវការតបស្នងដ៏ធំបំផុតមួយ។

សហគ្រិនវ័យ ៣២ឆ្នាំ Rachel Lim គឺជាស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Love, Bonito ដែលជាយីហោម៉ូដនារីដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់នារីៗនៅអាស៊ី។ មុនពេលសម្រេចបានចក្រភពម៉ូដដែលមានតម្លៃរាប់លានដុល្លារនាពេលបច្ចុប្បន្ននេះ សហគ្រិនជនជាតិសិង្ហបុរីរូបនេះបានប្រាប់ CNBC ថា នៅអាយុ ២១ឆ្នាំ នាងបានសម្រេចចិត្តឈប់រៀនដោយសារត្រូវរកប្រាក់ដើម្បីសងបំណុលរដ្ឋ និងមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបង់ថ្លៃការសិក្សា នាងបានចាប់ផ្ដើមចេញធ្វើជំនួញដោយខ្ចីលុយពីម្ដាយរបស់នាងដែលសន្សំសម្រាប់ទុកពេលចាស់ជរាមកចេញធ្វើជំនួញ។

Lim ចាប់ផ្ដើមអាជីវកម្មដំបូង ជាមួយការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដោយសារនាងឃើញម្ដាយរបស់ខ្លួនត្រូវធ្វើការធ្ងន់ៗដល់ទៅ ២កន្លែងដើម្បីផ្គត់ផ្គង់គ្រួសារបន្ទាប់ពីជំនួញរបស់ឪពុកនាងជួបនឹងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧។ ដូច្នេះហើយទើបនាងប្ដេជ្ញាថា នាងមិនអាចបរាជ័យទេ អាជីវកម្មរបស់នាងត្រូវតែទទួលបានជោគជ័យ ហើយនាងក៏មិនអាចធ្វើឲ្យម្ដាយរបស់នាងអស់សង្ឃឹមដូចគ្នា។ ដូច្នេះ Lim បានចាប់ផ្ដើមចេញរកស៊ីដោយសម្រេចចិត្តលក់សម្លៀកបំពាក់ដែលខ្លួនស្រលាញ់ហើយពាក់បានតែម្ដង ឬពីរដង ឬនៅថ្មីមិនទាន់ប្រើនៅលើអ៉ីនធឺណេតជាមួយជាមួយមិត្តភក្កិរបស់នាង Viola និង Velda Tan។

ក្រោយមកនៅពេលការលក់លើអ៉ីនធឺណេតចាប់ផ្ដើមល្បីនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០០៥ អាជីវកម្មក៏ឈានទៅមុខមួយកម្រិតតាមរយៈការបង្កើតគេហទំព័រមួយ ហើយនៅពេលសម្លៀកបំពាក់ផ្ទាល់ខ្លួនអស់ ពួកគេបានចំណាយប្រាក់សន្សំ ៣០០ ដុល្លារធ្វើដំណើរទៅបរទេសដើម្បីនាំចូលបន្ថែម។ ការផ្លាស់ប្ដូរមិនទាន់ចប់ទេ ដោយសហគ្រិនរូបនេះបានមើលឃើញពីឱកាសដែលធ្វើឲ្យអាជីវកម្មរីកចម្រើនឈានទៅដល់ការបង្កើតយីហោផ្ដាច់មុខ Love, Bonito ដោយបង្កើត និងកាត់ដេរនូវម៉ូដសម្លៀកបំពាក់សម្រាប់ស្រីៗនៅតំបន់អាស៊ីទាំងទំហំ ចំណង់ចំណូលចិត្ត និងសាច់ក្រណាត់ ដែលតម្រូវតាមអាកាសធាតុ ខុសពីការនាំចូលពីបរទេសដែលមានតែទំហំធំៗ សម្រាប់នារីៗបរទេស។

ការផ្លាស់ប្ដូរនេះធ្វើឲ្យ Rachel Lim បានបង្កើតយីហោផ្ទាល់ខ្លួន និងក្លាយជាសហគ្រិនស្ត្រីដែលល្បីឈ្មោះនៅអាស៊ីអាគ្នេយ៍។ នៅឆ្នាំ២០១៦ នៅពេលនាងមានអាយុ ២៨ឆ្នាំ នាងបានជាប់ក្នុងបញ្ជី សហគ្រិនឆ្នើមអាយុក្រោម ៣០ឆ្នាំនៅអា៊សី របស់ទស្សនាវដ្តី Forbes។ ហើយនៅខែមករាឆ្នាំ ២០២០ នាងបានជួបជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរីដើម្បីពិភាក្សាអំពីការចាប់ផ្តើមអាជីវកម្មនៅរដ្ឋមួយនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc