ម្ចាស់ចម្ការម្នាស់ទឹកឃ្មុំមួយកន្លែងក្នុងខេត្តស្ទឹងត្រែង ចែករំលែកបទពិសោធន៍ក្នុងការដាំដុះដែលទទួលបានទិន្នផលច្រើនហើយមានរសជាតិផ្អែមឆ្ងាញ់
អាជីវកម្ម March 31, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ម្ចាស់ចម្ការម្នាស់ទឹកឃ្មុំមួយកន្លែងក្នុងខេត្តស្ទឹងត្រែងចែករំលែកបទពិសោធន៍ក្នុងការដាំដុះដែលទទួលបានទិន្នផលច្រើន ហើយមានរស ជាតិផ្អែមឆ្ងាញ់ដែលកំពុងមានតម្រូវការទីផ្សារ ខណៈដំណាំម្នាស់ទឹកឃ្មុំ ក៏ជាដំណាំដែលមានសក្ដានុពលមួយប្រចាំខេត្តស្ទឹងត្រែងផងដែរ។

លោក សាយ ពន្លឺចិត្តតាក់ករុណា ជាម្ចាស់ចម្ការម្នាស់ទឹកឃ្មុំស្ថិតនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់ផ្ដើមផ្នែកកសិកម្មដាំម្នាស់នេះអស់រយៈពេលជាង១០ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ក៏ដូចជាបានជួយលើក ស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ថែមទៀតផង។

លោកបានបន្តថា សម្រាប់ប្រជាកសិករទាំងអស់ដែលមានបំណងចង់ធ្វើ ឬក៏សាក ល្បងកសិកម្មផ្នែកដាំម្នាស់នេះគួរតែស្វែងយល់ពីបច្ចេកទេសក្នុងការដាំឱ្យបានច្បាស់លាស់ជាមុនសិន ទើបមិនធ្វើឱ្យខាត បង់ថវិកា។ ជាមួយគ្នាលោកបានរៀបរាប់ពីបច្ចេកទេសមួយចំនួនក្នុងការដាំម្នាស់ទឹកឃ្មុំនេះឱ្យទទួលបានផលច្រើនតាមតម្រូវការ ដោយជាដំបូង: ទី១- ការរៀបចំរង យើងត្រូវ ភ្ជួរដីឱ្យបានស្អាត ទុកចោល ១សប្ដាហ៍ ទី២- ការដាំម្នាស់ យើងដាំកូនម្នាស់ពីលើចង្អូរដែលដាក់ជីអាចម៍គោ ដែលមានចន្លោះ ពីគុម្ពមួយ ទៅគុម្ពមួយប្រវែងពី ៣ ទៅ ៤តឹក និង ចន្លោះរងប្រវែង ពី ៦ ទៅ ៨តឹក ទី៣- ការសម្អាតស្មៅ ពូនគល់ និង ការគ្របរង ទី៤- ការដាក់ជី ការដាក់ជីទ្រាប់បាត : យើងដាក់ជីលាមកសត្វ ប្រមាណ ៣ ការុង ឬ ៣០គីឡូក្រាម ពីលើចង្អូររង ប្រវែង ២០ ម៉ែត្រ រួចកាប់ជ្រោយ ឱ្យបាន សព្វ មុនពេលដាំ ។

លោកបានបញ្ជាក់ថា មូលហេតុដែលលោកដាំម្នាស់ទឹកឃ្មុំនេះដោយសារលោកមើលឃើញពីទីផ្សារម្នាស់ព្រោះម្នាស់គឺជាដំណាំមួយប្រភេទដែលមានសក្ដានុពលនៅក្នុងប្រទេសយើង គឺអាចយកមកផលិតនឹងកែច្នៃចេញជាផលិតផលសម្រេចបានជាច្រើនមុខផ្សេងៗគ្នា ណាមួយគឺលោកគិតថាបើលោកដាំម្នាស់បានជោគ ជ័យហើយអាចមានលទ្ធភាពបើករោងចក្រនឹងអាចបង្កើនការងារធ្វើឱ្យប្រជាពលរដ្ឋនៅ ក្នុងខេត្តរបស់លោកបានកាន់ តែច្រើន ជាពិសេសគឺបានលើកស្ទួយវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសបានថែមទៀតផង។

«មូលហេតុដែលធ្វើម្នាស់ទឹកឃ្នុំនេះ ដើមឡើយពីដំបូងគឺវាល្អ ហើយការដាំដុះម្នាស់របស់កសិករនៅខេត្តស្ទឹងត្រែងនឹងវាមិនទាន់គ្រប់ គ្រាន់ទេ ហើយទាក់ទងនឹងបច្ចេកទេសក្នុងការដាំវាអត់ទាន់ទំនើប គេហៅថាទំនើប កម្មបែបកសិកម្ម គឺអត់ទាន់មានលក្ខណៈទំនើបបែបកសិកម្មទេ រឿងមួយទៀតដែលខ្ញុំត្រូវតែជំរុញ ព្រោះខ្ញុំឃើញថា វាជាសក្ដានុពលមួយដែលយើងអាចចាប់ផ្ដើមពីខ្នាតតូច ប្រសិនបើយើងអាចបង្កើតរោងចក្របាន ទៅមិនត្រឹមតែដាំមានជីវភាពរស់បានតែខ្លួនឯងនោះទេ គឺពួក គាត់ក៏អាចរស់បានដែរ តាមរយៈការងារដែលយើងធ្វើនេះចឹងអ្វីដែលចង់បានទៀតគឺការងារបង្កើតរោងចក្រផលិតនឹងកែច្នៃម្នាស់»។

លោកបានអំពាវនាវ ទៅកាន់អ្នកវិនិយោគទាំងអស់ប្រសិន បើមានចំណាប់អារម្មណ៍ផ្នែកកសិកម្មដាំម្នាស់ទឹកឃ្មុំនេះ អាចធ្វើការចូលរួមសហការគ្នាបានដើម្បីជាការរកប្រាក់ចំ ណូលសម្រាប់ខ្លួនឯង និងក៏ជាចំណែកមួយសម្រាប់លើក ស្ទួយវិស័យកសិកម្មក្នុងប្រទេ សយើងឱ្យកាន់តែរីកចម្រើនថែកទៀតផង។ សូមបញ្ជាក់ថា លោកសាយ ពន្លឺចិត្តតាក់ករុណា បានជោគជ័យលើការដាំម្នាស់ទឹកឃ្មុំនេះជាង ១ឆ្នាំមកហើយ ដោយបានដាំម្នាស់ប្រមាណ ១០ ហិកតា ដែលក្នុងមួយផ្លែ មានទម្ងង់ ១គីឡូ៣ខាំ ទៅ ២គីឡូ ២ខាំ និងមានតម្លៃ ១២០០០ រៀល ទៅ ១៦០០០រៀល ក្នុងមួយគីឡូក្រាម៕

ប្រភព៖ ក្រសួងព័ត៌មាន