អ៊ុយក្រែន នឹងផ្ដល់ “ពានរង្វាន់សន្តិភាព” ដល់ក្រុមហ៊ុនអន្តរជាតិដែលបញ្ឈប់អាជីវកម្មនៅរុស្ស៊ី ដើម្បីគាំទ្រអ៊ុយក្រែន
អាជីវកម្ម March 30, 2022 Khmernote

រដ្ឋបាលអ៊ុយក្រែនបាននិយាយថា ខ្លួននឹងផ្ដល់ “ពានរង្វាន់សន្តិភាព” “Peace Award” ដល់ក្រុមហ៊ុនអន្តរជាតិដែលបានចាកចេញពីប្រទេសរុស្ស៊ី ខណៈពេលដែលប្រទេសមហាអំណាចមួយនេះបានឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ សារព័ត៌មាន The Kyiv Independent បានរាយការណ៍ថា នៅពេលដែលការឈ្លានពានពីរុស្ស៊ីបានឈានដល់ថ្ងៃទី៣១ រដ្ឋបាលអ៊ុយក្រែនបានប្រកាសផ្តល់ “ពានរង្វាន់សន្តិភាព” ដល់ក្រុមហ៊ុនដែលបានចាកចេញពីប្រទេសរុស្ស៊ី ដើម្បីគាំទ្រអ៊ុយក្រែនដែលជាប្រទេសដែលរងគ្រោះដោយសង្រ្គាម។

ការផ្ដល់ពានរង្វាន់ខាងលើ ត្រូវបានប្រកាសដោយមជ្ឈមណ្ឌលទំនាក់ទំនងយុទ្ធសាស្ត្រ និងសន្តិសុខព័ត៌មាននៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ដោយដកស្រង់សម្តីប្រធានបុគ្គលិករបស់ប្រធានាធិបតី Zelensky គឺលោក Andriy Yermak ។ លោក Andriy Yermak ដែលជាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន ក៏បានថ្លែងថា វាជារឿងសំខាន់ដែលបន្ទាប់ពីសង្រ្គាមជាមួយរុស្ស៊ី អ៊ុយក្រែនទទួលបានប្រព័ន្ធធានាសន្តិសុខថ្មីមួយដែលនឹងការពារការកើតឡើងនៃសេណារីយ៉ូបច្ចុប្បន្ន។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនមក ក្រុមហ៊ុនបរទេសធំៗជាច្រើនបានចាកចេញពីប្រទេសរុស្ស៊ី ខ្លះផ្អាកប្រតិបត្តិការ ខ្លះបញ្ឈប់ការនាំចូល ដើម្បីប្រឆាំងទៅនឹងរុស្ស៊ី៕

អត្ថបទ៖ លីនី
ប្រភព៖ republicworld