ក្រុមហ៊ុនអាកាសចរណ៍ China Eastern ប្រឈមមុខនឹងការខាតបង់កាន់តែខ្លាំង និងការត្រួតពិនិត្យយ៉ាងតឹងរឹង បន្ទាប់ពីការធ្លាក់យន្តហោះថ្មីៗនេះ
អាជីវកម្ម March 23, 2022 Khmernote

ក្រុមហ៊ុនអាកាសចរណ៍ China Eastern ប្រឈមមុខនឹងការខាតបង់កាន់តែខ្លាំង រួមទាំងការត្រួតពិនិត្យបទប្បញ្ញត្តិកាន់តែយកចិត្តទុកដាក់ បន្ទាប់ពីការធ្លាក់យន្តហោះប្រភេទ Boeing 737-800 កាលពីថ្ងៃចន្ទ (ទី២១ ខែមីនា) ដែលមានមនុស្ស ១៣២នាក់ នៅលើយន្តហោះ។

China Eastern ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលជួបឧបទ្ទវហេតុច្រើនបំផុត ដោយយោងតាមការព្យាករណ៍របស់ក្រុមហ៊ុនអាកាសចរណ៍រដ្ឋក្នុងខែមករាឆ្នាំ២០២១ ក្រុមហ៊ុនត្រូវខាតបង់ពី ១១ពាន់លានយ័ន ទៅ ១៣.៥ ពាន់លានយ័ន (១.៧ ពាន់លានដុល្លារ ទៅ ២.១ ពាន់លានដុល្លារ) បន្ទាប់ពីការបាត់បង់ ១១.៨ ពាន់លានយ័នក្នុងឆ្នាំ២០២០។

ទន្ទឹមនឹងនេះ ការខាតបង់របស់ក្រុមហ៊ុនត្រូវបានកំណត់ឱ្យកាន់តែស៊ីជម្រៅបន្ទាប់ពីក្រុមហ៊ុននេះ រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនពីរ បានបញ្ឈប់កងនាវារបស់ខ្លួនប្រភេទ 737-800s បន្ទាប់ពីការធ្លាក់កាលពីថ្ងៃចន្ទ។ ក្រុមហ៊ុននេះមានយន្តហោះចំនួន ២២៥គ្រឿង នេះបើតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអាកាសចរណ៍អង់គ្លេស IBA បានបង្ហាញ។ លើសពីនេះ យោង​តាម​ក្រុមហ៊ុន​ផ្ដល់​ទិន្នន័យ​អាកាសចរណ៍​ចិន Flight Master បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​លុប​ចោល​ជើង​ហោះហើរ​ប្រហែល ៨៩% ​កាលពី​ថ្ងៃ​អង្គារ។

មិនតែប៉ុណ្ណោះ នាយកគ្រប់គ្រងនៅ China Market Research បានព្យាករណ៍ថា ក្រុមហ៊ុន China Eastern នឹងជួបបញ្ហាមួយចំនួនក្នុងរយៈពេលខ្លី ដោយសារការត្រួតពិនិត្យ និងការថយចុះនៃអ្នកដំណើរចិន។ ប៉ុន្តែលោកក៏បានលើកឡើងផងដែរថា ការធ្លាក់នេះក៏អាចមានផលប៉ះពាល់ ក្នុងរយៈពេលពីពាក់កណ្តាលដល់រយៈពេលវែងសម្រាប់ China Eastern ដែរ ដោយសារក្រុមហ៊ុនអាកាសចរណ៍អាចស្ថិតក្នុងស្ថានភាពមិនអំណោយផលនៅពេលដាក់ពាក្យសុំផ្លូវហោះហើរ និងចន្លោះក្នុងប៉ុន្មានឆ្នាំខាងមុខ ប្រសិនបើវាត្រូវបានគេរកឃើញថាមានកំហុស៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia