កំពូលអ្នកលក់អនឡាញចិន ​Ping Rong រងពិន័យប្រហែល ១០លានដុល្លារ ដោយសារគេចវេសពីការបង់ពន្ធ
អាជីវកម្ម March 23, 2022 Khmernote

កំពូលអ្នកឡាយលក់ទំនិញតាមអនឡាញរបស់ប្រទេសចិនឈ្មោះថា ​Ping Rong ត្រូវបានរងពិន័យជាប្រាក់ចំនួន ៦២លានយ័ន (ប្រមាណ ៩.៨លានដុល្លារ) សម្រាប់ការគេចពន្ធ ខណៈដែលប្រទេសចិនបន្តការបង្ក្រាបរបស់ខ្លួនលើឧស្សាហកម្មឡាយលក់ទំនិញដែលកំពុងរីកចម្រើន។ នារីវ័យ ២៩ឆ្នាំ ដែលជាអ្នកល្បីល្បាញលើអ៉ីនធឺណេត និងមានអ្នកតាមដាន (follower) ២៤លាននាក់ នៅលើវេទិកាវីដេអូខ្លី Kuaishou ត្រូវបានអាជ្ញាធរពន្ធរបស់ប្រទេសចិនចោទប្រកាន់ពីបទលាក់បាំងចំណូលរបស់នាងក្នុងឆ្នាំ២០១៩ និង២០២០។

ជាមួយគ្នានេះ កាល​ពី​ឆ្នាំ​មុន ម្ចាស់​ហាង​លក់​ទំនិញ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​រូបនេះ ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​មួយ​ ហើយបច្ចុប្បន្ននេះ កំពូលអ្នកឡាយលក់តាមអនឡាញជាអ្នកចុងក្រោយបំផុត​ដែល​ត្រូវ​បាន​ពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​បញ្ហា​ទាក់​ទង​នឹង​ពន្ធ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

ជាក់ស្ដែង នៅក្នុងខែវិច្ឆិកា កំពូលអ្នកឡាយលក់មានមូលដ្ឋាននៅទីក្រុង Hangzhou ពីរនាក់ត្រូវបានពិន័យជាប្រាក់ចំនួន ១៥ លានដុល្លារសម្រាប់ការកក់ប្រាក់ដោយខុសច្បាប់ជាប្រាក់ចំណូលអាជីវកម្ម នេះបើយោងតាម ​​Bloomberg ។ ហើយនៅក្នុងខែធ្នូ កំពូលអ្នកឡាយ Viya ត្រូវបានពិន័យជាប្រាក់ចំនួន ២១០លានដុល្លារសម្រាប់ការគេចវេស និងបង់ពន្ធតិចជាងមុនរាប់លាន។

ហើយនៅក្នុងខែដដែលនោះ អ្នកឡាយលក់ទំនិញជាង ១,០០០នាក់ បានប្រញាប់ប្រញាល់ដើម្បីទូទាត់ពន្ធឱ្យបានមុនចុងឆ្នាំ ២០២១ នេះបើយោងតាមសារព័ត៌មាន Insider ។ យ៉ាងណាមិញបើយោងតាមការប៉ាន់ប្រមាណដោយក្រុមហ៊ុនប្រឹក្សា KPMG ទីផ្សារផ្សាយផ្ទាល់ដែលរកកម្រៃបានរបស់ប្រទេសចិនមានតម្លៃប្រហែល ១ទ្រីនយ័នក្នុងឆ្នាំ២០២០ (១៥៦ ពាន់លានដុល្លារ)៕

អត្ថបទ៖ លីនី
ប្រភព៖ insider