ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ចិន ចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលថៃ ដើម្បីកាត់បន្ថយតម្លៃរថយន្តអគ្គិសនីសម្រាលបន្ទុកដល់ប្រជាជនថៃ
អាជីវកម្ម March 23, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា ក្រុមហ៊ុន Great Wall Motor ចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលថៃ ដើម្បីកាត់បន្ថយតម្លៃរថយន្តអគ្គិសនី។ នាយកប្រតិបត្តិម្នាក់បាននិយាយកាលពីថ្ងៃអង្គារ (ទី២២ មីនា) ថា ក្រុមហ៊ុនផលិតរថយន្តចិន Great Wall Motor បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលរបស់ប្រទេសថៃ ដើម្បីកាត់បន្ថយតម្លៃលក់រាយរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេស។

លោក Michael Chong អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Great Wall Motor Thailand បានប្រាប់រ៉យទ័រថា គោលការណ៍ដែលយើងមានឥឡូវនេះ គឺកាត់បន្ថយ ១៥០,០០០បាត (ប្រមាណ ៤,៤៧៣.៦១ ដុល្លារអាមេរិក) ដែលតម្លៃនេះបូកទាំងអាករលើតម្លៃបន្ថែម (VAT) … ដូច្នេះចំនួនសរុបដែលយើងសន្សំសម្រាប់អតិថិជនគឺ រហូតដល់ ១៦៥,០០០ បាត (ប្រមាណ ៥ពាន់ដុល្លារ)។

គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ២០២១ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ចិន Great Wall Motor បានជ្រើសរើសប្រទេសថៃ ដើម្បីបង្កើតមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនី សម្រាប់លក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia