ពិតជាចិត្តបុណ្យមែន! ម្ចាស់អាជីវកម្មជប៉ុនជាច្រើន នាំគ្នាបង្កើតផលិតផលដ៏ទាក់ទាញ ដើម្បីលក់យកថវិកាជួយដល់ប្រទេសអ៊ុយក្រែន
អាជីវកម្ម March 19, 2022 Khmernote

ម្ចាស់អាជីវកម្មនៅភាគខាងលិចប្រទេសជប៉ុន បានធ្វើឱ្យគេចាប់អារ្មមណ៍យ៉ាងខ្លាំង ខណៈម្ចាស់អាជីវកម្មនេះបានកំពុងព្យាយាមគាំទ្រ និងជួយដល់ប្រទេសអ៊ុយក្រែនតាមរយៈ បង្កើតផលិតផលដែលមិនធ្លាប់មានអ្នកណាធ្វើ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nhk បានឱ្យដឹងថា ហាងលក់នំមួយ នៅទីក្រុង Soja ខេត្ត Okayama កាលពីថ្ងៃអាទិត្យបានចាប់ផ្ដើមលក់នំ macaron ដ៏ពិសេសមួយ ដែលមានពណ៌ខៀវ និងពណ៌លឿងដូចគ្នាទៅនឹងទង់ជាតិអ៊ុយក្រែន។

សារព័ត៌មានដដែលបានឱ្យដឹងថា នំនេះត្រូវបានលក់អស់ ៤០០ដុំហើយ ដោយក្នុងមួយដុំតម្លៃ ២០០ យ៉េន ឬ​ប្រហែល ១.៧ ដុល្លារ។ ជាមួយគ្នានេះដែរ ប្រាក់ចំណេញទាំងអស់នឹងត្រូវបរិច្ចាគដល់អ៊ុយក្រែន តាមរយៈអង្គការគាំទ្រអន្តរជាតិ នេះបើយោងតាមការលើកឡើងរបស់ម្ចាស់ហាង។

មិនមែនមានតែហាងបង្អែម មួយនោះទេ ទន្ទឹមនឹងនេះនៅក្នុងទីក្រុង Kochi បារចំនួន ១៦កន្លែង បានចាប់ផ្តើមគម្រោងរួមគ្នាមួយដើម្បីលក់ស្រាក្រឡុកដែលមានពណ៌ទង់ជាតិអ៊ុយក្រែន។ បារមួយក្នុងចំណោមនោះ មានឈ្មោះថា izakaya បែបជប៉ុន បានធ្វើស្រាក្រឡុកជាមួយស្រាដែលមានពណ៌ខៀវ និងទឹកស្ករ yuzu រួមទាំងផ្លែក្រូចឆ្មារដែលដាំដុះក្នុងស្រុក។

ម្ចាស់បារមានគម្រោងបរិច្ចាគច្រើនជាង ១.៧ ដុល្លារសម្រាប់ស្រាក្រឡុកនីមួយៗដែលពួកគេលក់។ ពួកគេនិយាយថា ប្រាក់ចំណូលនឹងត្រូវប្រើប្រាស់តាមរយៈសមាគមកាកបាទក្រហមជប៉ុន និងគណៈកម្មាធិការជប៉ុនសម្រាប់អង្គការយូនីសេហ្វ ដើម្បីជួយប្រជាជនដែលបានជម្លៀសចេញពីអ៊ុយក្រែន៕

អត្ថបទ៖ លីនី
ប្រភព៖ nhk