យីហោលក់សម្លៀកបំពាក់ដ៏ធំរបស់ជប៉ុន Uniqlo ប្រកាសបន្តប្រតិបត្តិការនៅរុស្ស៊ីដដែល ទោះក្រុមហ៊ុនធំៗជាច្រើនដឹកដៃគ្នាដើរចេញ
អាជីវកម្ម March 11, 2022 Khmernote

យីហោលក់សម្លៀកបំពាក់ដ៏ធំរបស់ជប៉ុន Uniqlo ប្រកាសថា ខ្លួនមិនបិទ ឬ ផ្អាកអាជីវកម្មនៅរុស្ស៊ីឡើយ ខណៈពេលដែលក្រុមហ៊ុនលោកខាងលិច និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត បានបញ្ឈប់ប្រតិបត្តិការនៅរុស្ស៊ី ដោយសារតែសង្គ្រាមជាមួយអ៊ុយក្រែន។ ស្ថាបនិក​ក្រុមហ៊ុន Fast Retailing លោក Tadashi Yanai បាន​និយាយ​ថា ប្រជាជន​រុស្ស៊ី «មាន​សិទ្ធិ​រស់​នៅ​ដូច​យើង​ដែរ»។

លោក Yanai បានប្រាប់កាសែត Nikkei របស់ប្រទេសជប៉ុនថា “មិនគួរមានសង្រ្គាមទេ ប្រទេស​នីមួយៗ​គួរ​តែ​ប្រឆាំង»។ គាត់បានលើកឡើងបន្ថែមថា «​សម្លៀក​បំពាក់​ គឺ​ជា​តម្រូវការ​សម្រាប់​ជីវិត ហើយប្រជាជនរុស្ស៊ីមានសិទ្ធិរស់នៅដូចយើងដែរ»។

យ៉ាងណាមិញ Uniqlo មិនមែនតែម្នាក់ឯងទេក្នុងការសម្រេចចិត្តបន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ទោះបីជាក្រុមហ៊ុនមួយចំនួនបានចាកចេញពីប្រទេសនេះក្នុងប្រតិកម្មចំពោះការលុកលុយទៅលើអ៊ុយក្រែនក៏ដោយ។ ជាក់ស្ដែងក្រុមហ៊ុនអន្តរជាតិជាច្រើនដែលពឹងផ្អែកលើរោងចក្រផលិត និងមូលដ្ឋានអតិថិជននៅក្នុងប្រទេសរុស្ស៊ីបានជ្រើសរើសបន្តប្រតិបត្តិការក្នុងប្រទេសនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnaminsider