គួរឱ្យសរសើរណាស់! ស្ថាបនិកស្រ្តីខ្មែរដំបូងគេ ច្នៃផ្លែចេកណាំវ៉ាទុំ ផលិតចេញជាស្ករចេក និងផលិតផលមួយចំនួនទៀតលក់ក្នុងប្រទេស និងនាំចេញទៅប្រទេសធំៗ ២នេះ
អាជីវកម្ម March 9, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ស្ថាបនិកស្រ្តីខ្មែរដំបូងគេ ច្នៃផ្លែចេកណាំវ៉ាទុំផលិតចេញជាស្ករចេក សម្រាប់លក់ក្នុងប្រទេស និងនាំចេញទៅលក់នៅប្រទេសកូរ៉េ និងអាល្លឺម៉ង់ ខណៈដំណាំចេក ណាំវ៉ាជាប្រភេទដំណាំកសិកម្មក្នុងស្រុកងាយស្រួលដាំ មិនមានប្រើប្រាស់ជីគីមី ហើយមានតម្រូវការក្នុងការ កែច្នៃសម្រាប់នាំចេញ។

លោកស្រី យស់ ផល្លី ជាស្ថាបនិកកែច្នៃចេកណាំវ៉ាទុំ ផលិតចេញេជាស្ករចេក ស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកស្រីបានបើកសហគ្រាសកែច្នៃចេកណាំវ៉ានេះ អស់រយ:ពេល ៩ឆ្នាំជាងមកហើយ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ក៏ដូចជាការនាំចេញទៅលក់នៅក្រៅប្រទេសផងដែរ។

លោកស្រីបន្តថា លោកស្រីបានចំណាយរយៈពេលពីរឆ្នាំ ក្នុងការផលិតចេកណាំវ៉ាឱ្យក្លាយចេញជាផលិតផលសម្រេច ពីដំបូងឡើយគឺមានលំបាកច្រើន ដោយសារតែនេះជាផលិតផលថ្មី ហើយវាជាចំណេះដឹងដែលសល់ពីដូនតា ដែលយើងធ្លាប់តែផលិតដោយដៃ ជាលក្ខណៈគ្រួសារ ដូច្នេះហើយយើងត្រូវរកវីធីសាស្រ្តយ៉ាងណាដែលអាចកែច្នៃផលិតចេកណាំវ៉ាទាំងអស់ ឱ្យបានទាន់ពេលវេលា កុំឱ្យសល់ជន់ជោរច្រើន និងផលិតឱ្យត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងអាចរក្សារទុកបានយូរ។

លោកស្រីបន្ថែមថា សម្រាប់វត្ថុធាតុដើមទាំងអស់ក៏ដូចជាចេកណាំវ៉ានេះដែរ គឺលោក ស្រីមានចម្ការខ្លួនឯងផ្ទាល់ និងបានទិញពីប្រជាកសិករនៅក្នុងស្រុក និងតាមបណ្ដាខេត្តមួយចំនួនទៀត ជាពិសេសដែរនោះ សម្រាប់ម៉ាស៊ីនដែលលោកស្រីយកមកកែច្នៃផលិតចេញជាស្ករនេះ គឺជាម៉ាស៊ីនដែលលោកស្រី និងគ្រួសារច្នៃដោយផ្ទាល់ ដែលបានរកទិញពីផ្សារនៅ ក្នុងរាជធានីភ្នំពេញយកមកកែច្នៃរួមបញ្ចូលគ្នាដើម្បីយកមកផលិតចេញជាស្ករចេក។

លោកស្រីបានបញ្ជាក់ថា មូលហេតុដែលលោកស្រី និងគ្រួសារសម្រេចចិត្តកែច្នៃចេក ណាំវ៉ាទុំផលិតទៅជាស្ករ ក៏ដូចជាផលិតផលសម្រចមួយចំនួនទៀត គឺដោយសារលោកស្រីឃើញទីផ្សារចេក ណាំវ៉ាសល់ជន់ជោរច្រើន ធ្វើឱ្យកសិករខ្មែរមួយចំនួនមាន ការខាតបង់ថវិកា ជាពិសេស គឺចង់លើកស្ទួយវិស័យកសិកម្មក្នុងស្រុកផង និងបានចូលរួមលើកស្ទួយវិស័យសេដ្ឋកិច្ចក្នុងប្រទេសឱ្យកាន់ តែរីកចម្រើនបន្ថែមទៀត។ ពីដំបូងឡើង គឺយើងផលិតស្ករចេកនៅក្នុងស្រុក ចំការលើគឺជាតំបន់ដែលសម្បូរទៅដោយដំណាំចេកនៅក្នុងស្រុកចម្ការលើ ចឹងហើយនៅក្នុងឆ្នាំ២០១០ ដែលកសិករជួបវិបត្តិទីផ្សាររបស់ផ្លែចេក សល់ទុំចោល ចាប់ពីឆ្នាំ២០១០ រហូតមក ដល់២០១៣ គឺខាតរាល់ឆ្នាំ ហើយក្រុមគ្រួសារខ្ញុំ គឺជាឈ្មួញកណ្ដាល ដែលទិញពីកសិករដើម្បីចែកចាយទៅ តាមបណ្ដាខេត្ត ចឹងហើយធ្វើឱ្យមានការខាតបង់ច្រើនមាន ការសល់ទុំច្រើនចឹងបានជាក្រុមគ្រួសារខ្ញុំរកវិធី ដែលអាចកែច្នៃផ្លែចេកឱ្យផលិតចេញជាផលិតផលសម្រេចដែលអាចទុកបានយូរ និងអាចចែក ចាយទៅលើទីផ្សារបាន។

លោកស្រីបានអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋ ឱ្យជួយគាំ ទ្រផលិតផលដែលជាស្នាដៃកូនខ្មែរ ឱ្យបានកាន់តែច្រើន ឡើងបន្ថែមទៀត ដើម្បីជួយសម្រួលដល់ជីវភាពប្រជា ពលរដ្ឋនៅតាមបណ្តាខេត្ត ជាពិសេសគឺបានលើកទឹកដល់ស្ថាបនិកខ្មែរដ៏ទៃទៀត ឱ្យចូលរួមផលិតបន្ថែមទៀត ហើយសូមកុំយល់ច្រលំថាជាផលិតផល ឬក៏ជាការកែច្នៃរបស់ប្រទេសគេ ដោយសារតែបច្ចុប្បនេះស្ថាបនិកកូនខ្មែរ ម្នាក់ៗ មានគំនិតច្នៃប្រឌិតខ្ពស់ អាចផលិតបានជាច្រើនមុខ ដែលត្រូវតាមស្តង់ដារបច្ចេកទេស ឱ្យមានគុណភាព ល្អ និងមានអនាម័យខ្ពស់។

សូមបញ្ជាក់ថា សហគ្រាសគំនិតថ្មីរបស់លោកស្រី យស់ ផល្លី បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ មានសមាជិក ចំនួន ១០នាក់ ដែលបច្ចុប្បន្នមានផលិតផលដែលកែច្នៃចេញពីចេកណាំវ៉ារួមមាន៖ ស្ករចេក ស្រាចេក ដំណាប់ចេក ដែលកំពុងលក់នៅលើទីផ្សារក្នុងស្រុកជាច្រើនទីតាំង ជាពិសេសគឺបាននាំចេញទៅលក់នៅប្រទេសកូរ៉េ និងអាល្លឺម៉ង់៕

ប្រភព៖ ក្រសួងព័ត៌មាន