កសិករដាំប៉ិកួៈនៅខេត្តកំពង់ចាម ញញឹមបិទមាត់មិនជិត ខណៈប៉ិកួៈឆ្នាំនេះ មានទីផ្សារ និងមានតម្លៃខ្ពស់
អាជីវកម្ម March 2, 2022 Khmernote

យោងតាមការចុះផស្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រជាកសិករជាអ្នកប្រកបមុខរបរដាំដំណាំប៉ិកួៈ ដែលរស់នៅក្នុងឃុំរអាង និងឃុំគៀន ជ្រៃ របស់ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានសម្ដែងនូវសេចក្ដីរីករាយយ៉ាងខ្លាំងដោយ ផលិតផលដំណាំប៉ិកួៈឆ្នាំនេះមានទីផ្សារ និងមានតម្លៃខ្ពស់ជាងឆ្នាំមុនទោះប្រទេសកំពុងជួប វិបត្តិជំងឺកូវីដ១៩ ក៏ទីផ្សារផលិតផលរបស់បងប្អូនប្រជាកសិករនៅតែមានទីផ្សារ និងលក់ បានតម្លៃខ្ពស់។

លោក គី យូឡេង ប្រជាពលរដ្ឋរស់នៅក្នុង ភូមិគៀនជ្រៃក្រៅ ឃុំគៀនជ្រៃ ស្រុកកំពង់ សៀម បានឱ្យដឹងថា ឆ្នាំនេះលោកមានការសប្បាយរីករាយជាខ្លាំងដោយដំណាំប៉ិកួៈ របស់ លោកដែលធ្វើបានមានទីផ្សារ និងលក់បានតម្លៃខ្ពស់ដែលលក់ក្នុងតម្លៃ១គីឡូក្រាម ថ្លៃ៦០០រៀលដែលឆ្នាំមុន១គីឡូក្រាម៤០០រៀលតែប៉ុណ្ណោះ។​

លោក យូឡេង បានបន្ដទៀតថា ក្រុមគ្រួសាររបស់លោកបានដាំប៉ិកួៈ ក្នុងផ្ទៃដី ប្រមាណកន្លះហិកតាដែលដំណាំប៉ិកួៈផ្ដល់ផលប្រមាណ២០តោនក្នុងមួយរដូវ។ តែផលកម្រៃ ដែលទទួលបានវាអាស្រ័យដោយតម្លៃទីផ្សារដោយតម្លៃដើមដៃថ្លៃ កណ្ដាលដៃបង្គួរ និងចុង ដៃទទួលបានតម្លៃថ្លៃបន្ដិចវិញ។

ជាក់ស្ដែងឆ្នាំនេះប៉ិកួៈមានតម្លៃ៦០០រៀល ក្នុងមួយគីឡូក្រាម ឆ្នាំនេះអាចរកប្រាក់ចំណូលបានប្រមាណជាង៣០០០ដុល្លារ ក្នុងមួយរដូវ ដែលអាចជួយ ឱ្យជីវភាពរបស់គ្រួសារមានលំនឹងមិនជួបការលំបាក ទោះបីជាស្ថិតនៅក្នុងស្ថានភាព ជំងឺកូវីដ១៩។​

លោក សុំ សំអាត អ្នកទទួលទិញប៉ិកួៈពីប្រជាពលរដ្ឋបានឱ្យដឹងថា៖ តម្លៃឆ្នាំនេះខ្ពស់ ហើយប្រជាកសិករមានការរីករាយជាខ្លាំង ដោយធ្វើការប្រមូលផលមកលក់ឱ្យគាត់ និង ទិញយកទៅលក់បន្ដតាមបណ្ដាផ្សារទូទាំងប្រទេស ពិសេសនៅភ្នំពេញដោយទិញពីប្រជា កសិករក្នុងតម្លៃ១គីឡូពី៦០០រៀលទៅ៧០០រៀលឈ្មួញធំៗមកទិញដល់កន្លែងតែម្ដង។​

ដំណាំប៉ិកួៈ ជាដំណាំដែលបងប្អូនប្រជាកសិករក្នុងឃុំរអាង និងឃុំគៀនជ្រៃ ដែល រស់នៅជាប់ដងទន្លេមេគង្គនិយមដាំរៀងរាល់ឆ្នាំ នៅរដូវទឹកសម្រកដោយចាប់ ផ្ដើមពីខែកញ្ញា ដល់ខែតុលា និងធ្វើការប្រមូលផលចាប់ពីខែមករា ដល់ខែមីនា ទើបបញ្ចប់ ហើយតម្លៃប៉ិកួៈ ក្នុងទីផ្សារគឹចាប់២៥០០រៀល ដល់៣០០០រៀល ក្នុងមួយគីឡូ៕

ប្រភព៖ ក្រសួងព័ត៌មាន