រុស្ស៊ីបានប្រកាសកាលពីថ្ងៃចន្ទ (ទី២៨ ខែកុម្ភៈ) ថា ខ្លួនកំពុងហាមឃាត់ការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍មកពី ៣៦ ប្រទេស រួមទាំងចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ដើម្បីឆ្លើយតបទៅនឹងបម្រាមមួយចំនួនដែលប្រទេសទាំងនោះដាក់លើយន្តហោះរបស់ខ្លួនជុំវិញការឈ្លានពានអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់ទីក្រុងមូស្គូបានធ្វើឡើងនៅពេលដែលក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីឥឡូវនេះ មិនអាចចូលទៅក្នុងដែនអាកាសនៃប្រទេសភាគច្រើននៃទ្វីបអឺរ៉ុបក៏ដូចជាប្រទេសកាណាដា។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ីបាននិយាយថា ខ្លួនដាក់ការរឹតបន្តឹង ដែលជាវិធានការសងសឹកចំពោះការហាមឃាត់ដោយរដ្ឋអឺរ៉ុបលើការហោះហើរដោយអាកាសចរណ៍ស៊ីវិល ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ឬចុះឈ្មោះក្នុងប្រទេសរុស្ស៊ី។
ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនអាកាសចរណ៍ នឹងអាចចូលដែនអាកាសរុស្ស៊ីបានតែជាមួយនឹងការអនុញ្ញាតពិសេស។ គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន រុស្ស៊ីបានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍របស់ចក្រភពអង់គ្លេស បន្ទាប់ពីចក្រភពអង់គ្លេសបានរារាំងក្រុមហ៊ុន Aeroflot ដែលជាក្រុមហ៊ុនអាកាសចរណ៍ល្បីរបស់ប្រទេសនេះ ព្រមទាំងយន្តហោះឯកជន៕



អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


