Samsung និង Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៅលើពិភពលោក ដែលទទួលបានភាពល្បីល្បាញខ្លាំងទៅលើផលិតផលស្មាតហ្វូន។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnaminsider កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានសហការជាមួយក្រុមហ៊ុន Minh Tuan Mobile និង ShopDunk ដើម្បីបើកប្រព័ន្ធ Premium Store ចំនួនពីរនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីក្រុមហ៊ុន Apple។
សារព័ត៌មានដដែលបានឱ្យដឹងថា បើទោះបីជា Samsung និង Apple បើកហាងលក់រាយផ្ទាល់ខ្លួនមែន តែត្រូវបើកដោយសហការជាមួ យក្រុមហ៊ុនក្នុងស្រុកវៀតណាម។ ជាក់ស្ដែង ពីមុនម៉ូដែល Apple mono store ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ជាមួយនឹងហាងដែលបើកដោយ Mobile World (TopZone) ឬ ShopDunk។
យ៉ាងណាមិញ បើតាមអ្នកវិភាគ Glen Cardoza មកពី Counterpoint Research មូលហេតុដែលក្រុមហ៊ុនយក្សទាំងពីរនេះ ជ្រើសរើសបើកហាងលក់រាយផ្ទាល់ខ្លួននៅប្រទេសវៀតណាម គឺដោយសារ វិស័យលក់រាយផ្ទាល់នៅតែមានសក្ដានុពលច្រើននៅក្នុងប្រទេសវៀតណាម។ យោងតាមអ្នកជំនាញនេះ ទីផ្សារលក់រាយតាមអនឡាញក្នុងប្រទេសវៀតណាមមានការកើនឡើង ប៉ុន្តែមិនច្រើនដូចនៅប្រទេសដទៃនោះទេ នោះហើយជាមូលហេតុដែលម៉ាកយីហោនៅតែយកចិត្តទុកដាក់ចំពោះការបើកហាងលក់ផ្ទាល់។ ទន្ទឹមនឹងនេះ យោងតាមអ្នកលក់រាយ ម៉ូដែលហាងផ្តាច់មុខម៉ាកយីហោ (Mono Store – ឬហាងឯកទេស) គឺជាទម្រង់អាជីវកម្មថ្មីនៅក្នុងប្រទេសវៀតណាម ប៉ុន្តែបានដំណើរការនៅក្នុងប្រទេសជាច្រើនរួចទៅហើយ៕



អត្ថបទ៖ លីនី
ប្រភព៖ vietnaminsider


