យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ការកើនឡើងតម្លៃប្រេងបានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍ ដោយរំខានដល់ឱកាសក្នុងការទាញយកប្រយោជន៍ពីការកើនឡើងនៃតម្រូវការក្នុងស្រុក។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាប មានការស្ទាក់ស្ទើរក្នុងការដំឡើងថ្លៃសំបុត្រយន្តហោះ ដោយសារតែអ្នកដំណើរនៅតែប្រកាន់យកតម្លៃក្នុងអំឡុងពេលជំងឺរាតត្បាត។
លោក Tassapon Bijleveld ប្រធានប្រតិបត្តិនៃ Asia Aviation ដែលជាភាគទុនិកភាគច្រើននៃក្រុមហ៊ុន Thai AirAsia (TAA) បាននិយាយថា កត្តាផ្ទុកជាមធ្យមក្នុងខែកុម្ភៈមានពី ៧២-៧៣% ហើយអាចកើនឡើងបន្តិចម្តងៗដល់ ៨០% ខណៈដែលយុទ្ធនាការឧបត្ថម្ភធនសម្រាប់អ្នកធ្វើដំណើរក្នុងស្រុកបានចាប់ផ្តើមឡើងវិញក្នុងខែនេះ។
លោកបានបន្តថា យើងគួរតែទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃតម្រូវការ ប៉ុន្តែជាអកុសលតម្លៃប្រេងបានកើនឡើងជាលំដាប់ចាប់តាំងពីចុងឆ្នាំមុន ពីប្រហែល ៦០ដុល្លារក្នុងមួយបារ៉ែលដល់ជាង ៨០ដុល្លារ ហើយនេះគឺជាការចំណាយប្រតិបត្តិការដ៏សំខាន់មួយរបស់យើង ដូច្នេះជើងហោះហើរភាគច្រើនរបស់យើងមិនអាចរកប្រាក់ចំណេញបានទេ។
មិនតែប៉ុណ្ណោះលោក Tassapon បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើតម្លៃប្រេងឡើងដល់ ១០០ដុល្លារក្នុងមួយបារ៉ែល ដូចដែលអ្នកវិភាគមួយចំនួនបានព្យាករណ៍ ការដំឡើងថ្លៃសំបុត្រយន្តហោះអាចនឹងជៀសមិនរួច ខណៈក្រុមហ៊ុនអាកាសចរណ៍ TAA គ្រោងរក្សាតម្លៃសំបុត្រយន្តហោះដើម្បីបញ្ចៀសការប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


