ByteDance ដែលជាម្ចាស់កម្មវិធីចែករំលែកវីដេអូខ្លីៗ TikTok និង Douyin របស់ប្រទេសចិន បានចាប់ផ្តើមកម្មវិធីសង្គមមួយនៅក្នុងប្រទេសចិន ស្រដៀងនឹង Metaverse របស់ក្រុមហ៊ុន Facebook ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើអន្តរកម្មនៅក្នុងសហគមន៍និម្មិតតាមរយៈរូបតំណាង ខណៈដែលចំណាប់អារម្មណ៍ជុំវិញ metaverse នៅតែបន្តកើនឡើង។
ខណៈពេលដែលមុខងាររបស់កម្មវិធីដែលមានឈ្មោះថា Paiduidao មានន័យថា “party island” មានលក្ខណៈដូចទៅនឹង metaverse ដែលសំដៅទៅលើបណ្តាញនៃពិភពនិម្មិតដែលមនុស្សអាចធ្វើអន្តរកម្មបាន អ្នកតំណាង Douyin បាននិយាយថា៖ “វាគ្មានហេតុផលអ្វីត្រូវធ្វើឱ្យដូច metaverse ឡើយ ហើយបច្ចុប្បន្នកម្មវិធីរបស់យើងកំពុងស្ថិតក្នុងការសាកល្បងបេតាដោយក្រុមអ្នកប្រើប្រាស់តូចមួយ ហើយទាមទារលេខកូដអញ្ជើញដើម្បីចូលប្រើ “។
គួរឱ្យដឹងថា កម្មវិធីនេះបង្កើតឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ ByteDance Beijing Shi Qu Wu Xian Technology Co Ltd ដោយបានបើកដំណើរការកាលពីដើមសប្តាហ៍នេះនៅលើហាងកម្មវិធី iOS និង Android ក្នុងប្រទេសចិន។ វាមានរូបសញ្ញានៃតួអង្គមានចលនាពីរឈរទល់មុខគ្នា រួមជាមួយនឹងពាក្យស្លោកថា “no man is an island”៕



អត្ថបទ៖ លីនី
ប្រភព៖ scmp


