ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា វិនិយោគ១០លានដុល្លារបន្ថែម លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ
អាជីវកម្ម January 29, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោក ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន CAIC បានថ្លែង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោ នៅខេត្ដកណ្ដាល បច្ចុប្បន្ន សាងសង់សម្រេចបាន៣០ភារយហើយ ដោយចំណាយថវិកា៣៩០លានដុល្លារ ហើយជា ថវិកាឯកជន ដោយទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា។ បន្ទាប់ពី រាជរដ្ឋាភិបាល កម្ពុជាបានអនុញ្ញាតបើកប្រទេសឡើងវិញ និងផ្ដល់អាទិភាពឱ្យស្ថាប័នរដ្ឋ និងឯកជន ប្រកបអាជីវកម្ម គ្រប់វិស័យ បន្ទាប់ជួបវិបត្ដិកូវីដ-១៩ ជិត២ឆ្នាំមកនេះ វិស័យឯកជនជាច្រើន បានគាំទ្រ។

លោកបន្ដថា ក្រុមហ៊ុន CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាល កម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុន OCIC។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរ ជាតិតេជោ។

លោក ឌិត សុចល (Dith Sochal) ប្រធាននាយកប្រតិបត្ដិ ធនាគារពាណិជ្ជកម្មក្រៅ ប្រទេសនៃកម្ពុជា (FTB) បានបញ្ជាក់ថា ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា បានសម្រេចវិនិយោគ ១០.០០០.០០០ដុល្លារបន្ថែម ដោយមានទឹកប្រាក់វិនិយោគសរុប ចំនួន ៣០.០០០.០០០ដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន CAIC ដើម្បី ចូលរួមគាំទ្រគម្រោងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្ដកណ្ដាល។

លោកបន្តថា ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការ ទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដើរ តួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញ គាំទ្រ និងជួយផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។

លោកបន្តទៀតថា ដោយផ្អែកលើមូលដ្ឋានគ្រឹះអាជីវកម្មដ៏រឹងមាំ សមិទ្ធផលជាច្រើន បទពិសោធន៍ក្នុងដំណើរការចូលរួមជួយអភិវឌ្ឍន៍ទីផ្សារ និងសេដ្ឋកិច្ចជាតិរយៈពេល ៤០ឆ្នាំកន្លងមកនេះ និងជាមួយទំហំទ្រព្យសកម្មសរុបរបស់ធនាគារដែលមានចំនួនប្រមាណ ១,៧ ប៊ីលានដុល្លារ ទំហំឥណទានសរុបប្រមាណ ១,១៥ ប៊ីលានដុល្លារ និងប្រាក់បញ្ញើ សរុបប្រមាណ ១,៥ ប៊ីលានដុល្លារ និងបណ្តាញសាខាចំនួន ១៦សាខា នៅទូទាំងព្រះរាជាណា ចក្រកម្ពុជា ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានកំណត់ទិសដៅអាជីវកម្ម រយៈពេលវែង ក្រោមចក្ខុវិស័យមួយច្បាស់លាស់ ដើម្បីជំរុញឱ្យធនាគារពាណិជ្ជកម្ម ក្រៅប្រទេស នៃកម្ពុជា (FTB) ក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន