យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា វៀតណាមអាចប្រឈមនឹងការខ្វះខាតប្រេងសាំង។ កង្វះខាតប្រេងសាំងបានកើតមានឡើងចាប់តាំងពីរោងចក្រចម្រាញ់ប្រេង Nghi Son ដែលជារោងចក្រដ៏ធំបំផុតរបស់វៀតណាម បានកាត់បន្ថយផលិតកម្មចំនួន ២០ភាគរយ ដោយសារតែបញ្ហាហិរញ្ញវត្ថុ ហើយហាក់ដូចជាត្រូវបិទទ្វារ។
សារព័ត៌មានដដែលបានឱ្យដឹងទៀតថា រោងចក្រចម្រាញ់ប្រេងនៅខេត្ត Thanh Hoa ភាគកណ្តាលមួយនេះ មិនមានមូលនិធិសម្រាប់នាំចូលប្រេងឆៅទេ ហើយប្រហែលជាត្រូវផ្អាកប្រតិបត្តិការចាប់ពីខែកុម្ភៈ ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយ ខណៈក្រុមហ៊ុននេះមានចំណែកទីផ្សារជាង ៣៥%។
ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈដែលគ្រប់គ្រងដោយរដ្ឋ Petrolimex គ្រោងនឹងទិញឥន្ធនៈពី ២៣៥,០០០ ទៅ ២៦៥,០០០ ម៉ែត្រគូបក្នុងមួយខែពី Nghi Son នៅឆ្នាំនេះ ហើយបញ្ហារបស់រោងចក្រចម្រាញ់មានន័យថា Petrolimex ប្រហែលជាមិនអាចផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងបានគ្រប់គ្រាន់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ រួមទាំងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ។ ជាមួយគ្នានេះ អ្នកចែកចាយផ្សេងទៀតក៏មានការព្រួយបារម្ភអំពីកង្វះខាតដែលអាចកើតមាន ហើយអ្នកខ្លះគ្រោងនឹងទិញពីក្រុមហ៊ុនក្នុងស្រុកផ្សេងទៀត ឬនាំចូលពីក្រៅប្រទេស។
គួរឱ្យដឹងថា ក្រុមហ៊ុន Nghi Son មានសមត្ថភាពផលិតបាន ១០លានតោនក្នុងមួយឆ្នាំ ពោលគឺពីរដងនៃរោងចក្រចម្រាញ់ប្រេង Dung Quat ក្នុងខេត្ត Quang Ngai។ ជាមួយគ្នានេះ ក្រុមហ៊ុន Petrovietnam គ្រប់គ្រងដោយរដ្ឋមានភាគហ៊ុន ២៥.១% នៅក្នុងក្រុមហ៊ុននេះ ខណៈដែលក្រុមហ៊ុនផ្សេងទៀតត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនបរទេសចំនួន ៣គឺក្រុមហ៊ុន Kuwait Petroleum International (៣៥.១ ភាគរយ) និងក្រុមហ៊ុន Idemitsu Kosan របស់ប្រទេសជប៉ុន (៣៥.១ ភាគរយ) និងក្រុមហ៊ុន Mitsui Chemicals (៤.៧ ភាគរយ)៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


