ឡូយណាស់សូត្រខ្មែរ! ក្រុមហ៊ុនជប៉ុន ១ គ្រោងវិនិយោគលើផលិតកម្មសូត្រខ្មែរ កែច្នៃផលិតផលសូត្រជាប្រូតេអ៉ីនយកទៅប្រើក្នុងគ្រឿងសម្អាងនៅជប៉ុន
អាជីវកម្ម January 28, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវិនិយោគលើផលិត កម្មសូត្រខ្មែរ របស់ក្រុមហ៊ុនជប៉ុន iL BRiLLE ព្រោះថាវានឹងជួយកសាងកម្លាំងផលិតសូត្រខ្មែរឡើងវិញ ដើម្បីបម្រើទីផ្សារសូត្រក្នុងស្រុក កាត់ បន្ថយការនាំចូល ធ្វើឱ្យសិប្បកម្មតម្បាញហូល-ផាមួង ដំណើរការប្រកបដោយនិរន្តរភាព ពលរដ្ឋនៅមូលដ្ឋានមានការងារធ្វើ កាត់បន្ថយការធ្វើចំណាកស្រុក ប្រើប្រាស់ឱ្យអស់លទ្ធភាពវត្ថុធាតុដើមផលិតចេញពីសូត្រខ្មែរ ។

ការគាំទ្ររបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអនុញ្ញាតឱ្យលោកនាយកក្រុមហ៊ុនជប៉ុន iL BRiLLE ដឹកនាំដោយ ឯកឧត្តម Takahashi អតីតអគ្គរាជរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា (Former Japan Ambassador in Cambodia)និងសហការី ចូលជួបសំដែងការគួរសម និងជម្រាបជូនអំពីគម្រោងបង្កើតក្រុមការងារ ” Cambo dian Golden Silk (CGS)” នៅកម្ពុជានាពេលអនាគត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២ ។

លោកនាយកក្រុមហ៊ុន បានលើកឡើងថា ក្រុមហ៊ុនជប៉ុន iL BRiLLE មានគោលបំ ណងវិនិយោគលើផលិតកម្មសូត្រខ្មែរ តាមរយ:ការបង្កើត CGS ដើម្បីផលិតសូត្រសម្រាប់បម្រើឱ្យវិស័យវាយនភ័ណ្ឌ និងជាពិសេសកែច្នៃផលិតផលសូត្រនេះទៅជាសារធាតុប្រូតេអ៉ីនសម្រាប់យកទៅបម្រើឱ្យវិស័យគ្រឿងសម្អាង ដែលកំពុងពេញនិយមសម្រាប់ស្រ្តីជនជាតិជប៉ុន និងទីផ្សារក្នុងតំបន់ នាពេលបច្ចុប្បន្ន។

លោកបញ្ជាក់បន្ថែមថា CGS នឹងផ្តល់អត្ថប្រយោជន៍យ៉ាង ច្រើនទី១- ដល់ស្រ្តីតម្បាញនៅតាមជនបទដែលជាប្រភពផលិតហូល-ផាមួងមានការងារធ្វើ ទី២- ជួយលើកកម្ពស់តម្លៃបន្ថែមតាមរយ:ការកែច្នៃផលិតសូត្រទៅជាសារធាតុប្រូតេអីនបម្រើឱ្យវិស័យគ្រឿង សម្អាង ទី៣- បង្កើតមជ្ឈមណ្ឌលបង្កាត់ ភ្ញាស់ដង្កូវនាងពូជល្អៗ ផ្តល់ទិន្នផលខ្ពស់ រួចផ្សព្វផ្សាយជូនអ្នកចិញ្ចឹម និងទី៤- ស្នើសុំអង្គការ UNESCO ចុះបញ្ជីសូត្រជាមរតកវប្បធម៌ខ្មែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា គម្រោងនេះ ក៏នឹងជួយបង្កើនតម្លៃបន្ថែម និងលើកកម្ពស់ប្រពៃណីវប្បធម៌ត្បាញហូល-ផាមួង ដែលជាមរតករបស់បុព្វបុរសខ្មែរ និងជាពិសេសណែនាំឱ្យបរទេសបានស្គាល់ពីតម្លៃសូត្រខ្មែរតាមរយ:ផលិតផលនានាដែលផលិតចេញពីសូត្រ។ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងការគាំទ្រ និងសន្យារង់ចាំផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ធ្វើយ៉ាងណាឱ្យគម្រោងដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ៕

ប្រភព៖ ក្រសួងព័ត៌មាន