ឆ្លាតមែន! គូស្នេហ៍ ១គូ ខ្ចីដៃវេទិកាថ្មីកំពុងនិយម ប្រែលុយក្នុងកុងពី ១ដុល្លារ ទៅជារាប់សែនដុល្លារ ដោះបំណុល និងសង្រ្គោះផ្ទះពីការរឹបអូសបាន
អាជីវកម្ម January 27, 2022 Khmernote

ខណៈពេលដែលមនុស្សកាន់តែច្រើនឡើងៗ អាចទាញចំណូលខ្ទង់សែនដុល្លារពីការលក់ NFTs គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ១គូ ក៏មិនចាញ់គេដែរ ដោយអាចរកចំណូលបានជិត ១២០,០០០ ដុល្លារ ក្នុងរយៈពេលមិនដល់ ៦ម៉ោងផង ហើយអាចដោះបំណុល និងយកផ្ទះមកវិញពីការរឹបអូស។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC​ បានឱ្យដឹងថា នាង Thorne Melcher បានបាត់បង់ការងារជា វិស្វករ software ហើយមិត្តស្រីរបស់នាង Mandy Musselwhite អាចរ៉ាប់រងការចំណាយមួយចំនួនពីការលក់សិល្បៈគំនូរ តែយូរទៅជីវភាពរបស់ពួកគេកាន់តែយ៉ាប់យឺនទៅៗ ដោយសារការទូទាត់ប្រាក់កម្ចីរបស់ពួកគេ ដែលកាលពីឆ្នាំ២០១៩ បានយកមកទិញផ្ទះ នៅក្រៅតំបន់អាត្លង់តាក្នុងតម្លៃ ៣០០,០០០ ដុល្លារ ក្នុងនោះក៏មានផ្ទះកសិដ្ឋានមួយ ដែលពួកគេចិញ្ចឹមទាចំនួន ៦ក្បាល ក្ងានពីរ និងសត្វដទៃទៀត។

Musselwhite អាយុ ២៥ឆ្នាំបានប្រាប់ CNBC Make It ថា “ខ្ញុំបានដឹងថាយើងត្រូវគិតពីអ្វីមួយ។ យើងពិតជាមិនចង់បាត់បង់ទ្រព្យសម្បត្តិនេះទេ។ យើងស្រឡាញ់អ្វីៗគ្រប់យ៉ាងនៅទីនេះ រួមទាំងសត្វចិញ្ចឹមទាំងនោះផងដែរ”។ ដោយសារខ្លាចបាត់បង់ គូស្នេហ៍មួយគូនេះបានសហការគ្នាបង្កើត Dastardly Ducks ដែលជាបណ្តុំនៃរូបតុក្កតារូបទាប្រភេទ (NFTs) ឬ អាចហៅថា duck nonfungible tokens (NFTs) ចំនួន ១០,០០០ រូបតុក្កតា ដែលបង្កើតដោយកូដជាមួយនឹងបន្សំប្លែកៗនៃលក្ខណៈផ្សេងៗគ្នាជាង១០០ ដើម្បីរកប្រាក់។ គូស្នេហ៍នេះ បានបើកដំណើរការវាកាលពីថ្ងៃពុធ ហើយបានលក់អស់ក្នុងរយៈពេលតិចជាង ៦ម៉ោង ដោយរកបានត្រឹមតែ ១២០,០០០ ប៉ុណ្ណោះ។ ​

ទោះរកប្រាក់បានតែប៉ុណ្ណឹងក្ដី តែវាជាជោគជ័យ និងជាក្ដីសុបិន្តដ៏ឆាប់រហ័សមួយដែលពួកគេអាចសម្រេចបាន ដោយនាង Melcher អាយុ 33 ឆ្នាំ បាននិយាយទាំងក្ដីរំភើបថា៖ “វាដូចជារឿងយល់សប្តិចឹង ដែលយើងអាចរក្សាកសិដ្ឋានចិញ្ចឹមទា នឹងសងបំណុលបានអស់ត្រឹមមួយពព្រិចភ្នែក ដោយសារការលក់តុក្កតាទា”៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc