ក្រុមហ៊ុនវៀតណាមដ៏ធំមួយ នឹងផ្ដោតលើការចិញ្ចឹមជ្រូក និងចេកក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជាសម្រាប់ការនាំចេញ
អាជីវកម្ម January 25, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុន Hoang Anh Gia Lai Joint Stock Company កំពុងផ្តោតលើការចិញ្ចឹមជ្រូក និងចេកក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជាសម្រាប់ការនាំចេញ នេះបើតាមប្រធានក្រុមហ៊ុន Doan Nguyen Duc ។

លោកបាននិយាយដូច្នេះ ក្នុងអំឡុងពេល​បើក​បរ​ក្នុង​ចំការ​ចេក​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​រាប់​ពាន់​ហិកតាដោយបន្ថែម​ថា​៖ «​កសិកម្ម​គឺជា​ការងារ​លំបាក។ យ៉ាងណាមិញ គម្រោង​នេះ​នឹង​កែលម្អ​ផ្ទៃដី​ចំនួន ១០,០០០ ហិកតា ដើម្បី​ដាំ​ចេក​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​នេះ។

គួរបញ្ជាក់ផងដែរថា អស់រយៈពេល ១០ឆ្នាំក្រុមហ៊ុនរបស់គាត់បានដាំដើមដំណាំគ្រប់ប្រភេទ ចាប់ពីផ្លែល្ហុងរហូតដល់ក្រូចថ្លុង ប៉ុន្តែទីបំផុតបានរកឃើញដំណាំដែលល្អបំផុតសម្រាប់ការដាំនោះគឺ ចេក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានផ្ទៃដីដាំហូបផ្លែប្រមាណ ១ម៉ឺនហិកតា ក្នុងចំនួននោះដំណាំចេកមានពាក់កណ្តាល ហើយនៅសល់រួមមានខ្នុរ ផ្លែបឺរ ទុរេន ស្វាយ និងផ្សេងៗទៀត។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនមានផ្ទៃដីដាំចេក ២,៥០០ ហិកតា​នៅ​វៀតណាម ១,៥០០ ហិកតា​នៅ​ឡាវ និង ១,០០០ ហិកតា​នៅ​កម្ពុជា។ ហើយក្រុមហ៊ុនក៏មានកសិដ្ឋានចិញ្ចឹមជ្រូកចំនួនប្រាំពីរដែលមានសមត្ថភាពប្រហែល ៣០០,០០០ ក្បាលក្នុងមួយឆ្នាំ ហើយគ្រោងនឹងសាងសង់កន្លែងចិញ្ចឹមបន្ថែមទៀតជាមួយនឹងសមត្ថភាពជ្រូកមួយលានក្បាលនៅឆ្នាំនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress