យោងតាមការចុះផ្សាយរបស់ព័ត៌មានបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនភីធីធី (ខេមបូឌា) ស្តីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅតាមស្ថានីយប្រេងឥន្ធនៈភីធីធី ក្នុង០៥រាជធានី-ខេត្ត។
ក្នុងពិធីចុះហត្ថលេខានេះបានធ្វើឡើង កាលពីររសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ រវាងឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Nuttapong Kaewtrakulpong អភិបាលក្រុមហ៊ុនភីធីធី (ខេមបូឌា) និងដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
សម្រាប់គោលបំណងនៃអនុស្សរណៈនេះគឺ ជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរលើទីផ្សារក្នុងស្រុក អភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍ ជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើននិងកសាងសមត្ថភាពសហគ្រិន ក៏ដូចជាបង្កើតឱកាសធុរកិច្ចសម្រាប់ចូលរួមអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងលើកស្ទួយសេដ្ឋកិច្ច-សង្គមកម្ពុជាប្រកប ដោយបរិយាប័ន្ន។
កិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ជាពិសេសជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយក្នុងស្រទាប់មហាជន ព្រមទាំងជំរុញឱ្យមានទីផ្សារសម្បូរបែបសម្រាប់ផលិតផលក្នុងស្រុក។
សូមជម្រាបជូនថា អនុស្សរណៈនេះនឹងអនុវត្តន៍នៅតាមបណ្តារាជធានី-ខេត្តចំនួន ០៥ ចាប់ពីចុងខែមករា ឆ្នាំ២០២២ នេះតទៅ ដែលទីតាំងទាំងនោះរួមមាន៖ រាជធានីភ្នំពេញ (២ទីតាំងគឺ ច្បារអំពៅ និងព្រែកព្នៅ), ខេត្តសៀមរាប, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម (ស្គន់), និងខេត្តតាកែវ។
ក្រុមហ៊ុនភីធីធី ស្នើសុំដាក់លក់ផលិតផលដូចជា៖ ផ្លែឈើតាមរដូវកាល នំ និងផលិតផលធ្វើដោយដៃតាមតំបន់ (វត្ថុអនុស្សារីយ៍) ហើយក្រុមហ៊ុននឹងផ្តល់ទីតាំងលក់ដោយឥតគិតថ្លៃ ដោយធ្វើជាស្តង់រួមមួយដែលអាចឱ្យអាជីវករចូលលក់មិនលើសពី ១០នាក់។ ក្រៅពីគម្រោងសាកល្បងរយៈពេល៧ថ្ងៃត្រូវបានបញ្ចប់ ក្រុមហ៊ុនភីធីធី (ខេមបូឌា) នឹងអនុវត្តន៍គម្រោងបន្ដចំនួន៣ទៀត ដែលនឹងរៀបចំនៅខែឧសភា ខែសីហា និងខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានអាជីវករចូលរួមដើម្បីលក់ផលិតផលខ្មែរមានចំនួនសរុប ៦៣នាក់។
គម្រោងនេះនឹងរៀបចំលក់នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី មួយចំនួន ដូចជា៖ ក្នុងត្រីមាសទី២ ឆ្នាំ២០២២ នៅស្ថានីយចំនួន១៦ តាមបណ្តោយផ្លូវជាតិលេខ២ លេខ៣ និងលេខ៤, ក្នុងត្រីមាសទី៣ នៅស្ថានីយ៍ចំនួន១០ តាមបណ្តោយផ្លូវជាតិលេខ៦ និងក្នុងត្រីមាសទី៤ នៅស្ថានីយ៍ចំនួន០៥ តាមបណ្តោយផ្លូវជាតិលេខ៥៕



ប្រភព៖ ក្រសួងព័ត៌មាន


