ធនាគារវីង របស់អ្នកឧកញ៉ា គិត ម៉េង បានវិនិយោគ២លានដុល្លារ លើគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ
អាជីវកម្ម January 21, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ ធនាគារវីង បានចុះហត្ថលេខា ព្រមព្រៀង វិនិយោគលើកទឹកប្រាក់២លានដុល្លារ រវាងក្រុមហ៊ុន Cambodia Airport Investm ent (CAIC) តំណាងដោយ លោក ឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង និងធនាគារវីង តំណាង ដោយ លោក ហាន ប៉េងក្វាង អគ្គនាយក ក្រោមអធិបតីភាព អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ និងអ្នកឧកញ៉ា គិត ម៉េង ប្រធាន និងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សម្រាប់ ការវិនិយោគទឹកប្រាក់ចំនួន ២លានដុល្លារអាម៉េរិក លើសញ្ញាប័ណ្ណមានបុគ្គលធានា របស់ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជា លក្ខណៈបុគ្គល)។​

លោក ឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករងក្រុមហ៊ុន Cambodia Airport Investment (CAIC) បានបញ្ជាក់ថា ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាប័ណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោនៅខេត្តកណ្តាល។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្ន សម្រេច បាន៣០ភាគរយ ហើយត្រូវចំណាយទឹកប្រាក់សរុប ៣៩០ លានដុល្លារអាម៉េរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។​កន្លងមកនេះ យើងមានដៃគូវិស័យឯកជនបានចូលរួមវិនិយោគជាមួយចំនួន ៥ ក្រុមហ៊ុន នេះជាថ្ងៃទី៦ ជាមួយដៃគូ ធនាគារវីង។ អត្រាការប្រាក់(Coupon rate) របស់សញ្ញា ប័ណ្ណនេះគឺ ៥.៥ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានា ដោយក្រុមហ៊ុន OCIC។​

លោកបន្ដថា ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុង ប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង រាជរដ្ឋាភិបាល កម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ។​

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារវីង បានបញ្ជាក់ថា ធនាគារវីង ជាធនាគារ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបានជំរុញដោយចក្ខុវិស័យដើម្បី ផ្តល់ឱ្យប្រជាជនកម្ពុជា គ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និង ធ្វើឱ្យប្រសើរ ឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ធនាគារវីងផ្តល់ជូននូវផលិតផល និងសេវាកម្ម ហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវ័ន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ព្រមទាំងការ បញ្ចូលទឹកប្រាក់ទូរស័ព្ទ។ ធនាគារវីងប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថល ដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារដែលអនុញ្ញាត ឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួលនិងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ៕

ប្រភព៖ ក្រសួងព័ត៌មាន