ចេះប្រាកដប្រាក់រត់តាមហៅ! ប្រជាកសិករខេត្តត្បូងឃ្មុំ ចិញ្ចឹមត្រី​១ប្រភេទនេះ អាចរកចំណូលបាន៤០០០ដុល្លារក្នុងមួយខែ
អាជីវកម្ម January 20, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រជាកសិករចិញ្ចឹមត្រីកន្ធរក្នុងខេត្តត្បូងឃ្មុំអាចរកចំណូល បាន៤០០០ដុល្លារក្នុងមួយខែ ខណៈដែលបច្ចុប្បនុ្នកំពុងតែមានតម្រូវការសម្រាប់អ្នកបរិភោគនិងអ្នកយកទៅចិញ្ចឹមលក់បន្ត។ លោក គឹមតារារិទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមពូជត្រីមួយយកន្លែង ស្ថិតនៅក្នុង ឃុំដូនតី ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កសិដ្ឋានរបស់លោកបានចិញ្ចឹមពូជត្រីប្រមាណជាង ៧ប្រភេទពូជ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ពូជត្រីនៅក្នុងខេត្ត និងការនាំចេញទៅរាជធានីខេត្តផ្សេងៗទៀតផងដែរ។

លោកបញ្ជាក់ថា មុខរបរចិញ្ចឹមត្រីកន្ធរ គឺត្រូវយល់ដឹងឱ្យបានច្បាស់ជាមុន ពីបច្ចេកទេសនៃការចិញ្ចឹមឱ្យមានសុវត្ថិភាព ជាដំបូងយើងត្រូវសិក្សាទៅលើប្រភេទទឹក ដែលជាប្រភេទទឹកធម្មជាតិ ពិសេសគឺត្រូវសិក្សាស្វែងយល់ ពីការបង្កាត់ពូជ និងការឱ្យចំណីឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យខាតបង់ថវិកា។ លោកបន្ថែមថា ក្នុងមួយខែលោកអាចរកចំណូលបានពីចន្លោះ ៤០០០ដុល្លារហូតដល់ ៥០០០ដុល្លារក្នុងមួយខែក្នុងការលក់ពូជត្រីទាំងអស់។

លោកថ្លែងយ៉ាងដូច្នេះថា៖«ដោយសារតែនេះគឺជាសម័យកូវីដ អ៊ីចឹងប្រជាពលរដ្ឋយើងម្នាក់ៗមិនដឹងធ្វើអ្វីទេ មានតែការចិញ្ចឹមកកូនត្រីនេះទៅ ទីមួយយើងបាន នៅផ្ទះផងនិងមើលការខុសត្រូវបានផង យើងមានពេលក្នុងការមើលថែទាំត្រី សូមបញ្ជាក់បន្តិច បើអ្នកណាដែលគាត់ធ្វើកសិកម្ម សូមឱ្យពួកគាត់ទាំងអស់ដាក់ចិត្ត បើគាត់ចិញ្ចឹមតែលេងសើចគាត់អត់មានអារម្មណ៍ចិញ្ចឹមទេបើគាត់ដាក់ចិត្តចិញ្ចឹមតែប្រាំទៅប្រាំមួយខែនៅពេលដែលគាត់ទទួលបានផលគឺគាត់នឹងឃើញពីផលដែលគាត់ចិញ្ចឹមហើយនឹងចំណាយពេលមក»។

ម្ចាស់កសិដ្ឋានខាងលើក៏បានអំពាវនាវសុំដល់ខាងមន្ទីរជួយរកទីផ្សារត្រីសាច់បន្ថែមទៀត ខណៈដែលបច្ចុប្បន្ន មានប្រជាកសិករជាច្រើនកំពុងប្រកបរបរចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ថា លោក គឹមតារារិទ្ធបានចាប់យកមុខរបរចិញ្ចឹមត្រីនេះ រយៈពេល២ឆ្នាំមកហើយ ដែលមានសមាជិក១០នាក់ចូលរួម នឹងមានចិញ្ចឹមពូជត្រីជាច្រើនប្រភេទផ្សេងទៀតដូចជា ត្រីកន្ធរ កូនត្រីប្រា កូនត្រីក្រាញ់ ត្រីឆ្ពិន ត្រីទីឡាព្យា ត្រីរ៉ស់ និង ត្រីឆ្ដោ ៕

ប្រភព៖ ក្រសួងព័ត៌មាន