ក្រុមហ៊ុន Microsoft ចាយលុយជិត ៧០ពាន់លានដុល្លារ ទិញក្រុមហ៊ុនផលិតហ្គេម “Call of Duty” និង “Candy Crush”
អាជីវកម្ម January 20, 2022 Khmernote

ក្រុមហ៊ុន Microsoft Corp ត្រៀមចាយលុយ ៦៨.៧ ពាន់លានដុល្លារ ទិញក្រុមហ៊ុន Activision Blizzard (ATVI.O) ដែលជាក្រុមហ៊ុនផលិតហ្គេម “Call of Duty” នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ តាមសារព័ត៌មានដដែលបានឱ្យដឹងថា ការទិញរបស់ Microsoft គឺកិច្ចព្រមព្រៀងឧស្សាហកម្មហ្គេមដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅលើសកលលោកនាពេលបច្ចុប្បន្ននេះ កំពុងងាកទៅរកបច្ចេកវិទ្យាអនាគតនិម្មិត (virtual future)។

កិច្ចព្រមព្រៀងមួយ ដែលបានប្រកាសដោយក្រុមហ៊ុន Microsoft កាលពីថ្ងៃអង្គារ ថ្មីៗនេះ ត្រូវបានចាត់ទុកថា ជាការទិញដ៏ធំបំផុតមិនធ្លាប់មាន និងការចំណាយប្រាក់ដ៏ច្រើនលើសលប់ ដើម្បពង្រឹងខ្លួន និងក្ដោបក្ដាប់ក្នុងទីផ្សារវីដេអូហ្គេមដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុនអាមេរិកមួយនេះ ប្រកួតប្រជែងជាមួយ Tencent និង Sony ។

នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បាននិយាយថា “ការលេងហ្គេម គឺជាផ្នែកនៃការកម្សាន្តនៅទូទាំងវេទិកាទាំងអស់នាពេលបច្ចុប្បន្ននេះ ដែលមានឥទ្ធិពល និងគួរឱ្យរំភើបបំផុត ហើយនឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វេទិការ metaverse” ។

ជាមួយគ្នានេះដែរ ហ្គេមរបស់ Activision នឹងផ្តល់ឱ្យវេទិកាហ្គេម Xbox របស់ Microsoft កាន់តែលេចធ្លោជាងវេទិការហ្គេម Playstation របស់ Sony ដែលមានអស់រយៈពេលជាច្រើនឆ្នាំបានមកហើយនោះ។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទិញរបស់ Microsoft បានកើតឡើងនៅពេលដែលក្រុមហ៊ុន Activision ដែលជាអ្នកបង្កើតហ្គេមដូចជា “Overwatch” និង “Candy Crush” ធ្លាក់ចុះការដោយសារការចោទប្រកាន់ពីការបៀតបៀនផ្លូវភេទលើបុគ្គលិក និងការប្រព្រឹត្តខុសដោយអ្នកគ្រប់គ្រងកំពូលមួយចំនួន៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress