និស្សិតឥណ្ឌូនេស៊ី ក្លាយជាមហាសេដ្ឋីប្រាក់លាន បន្ទាប់ពីច្នៃរូប Selfie របស់ខ្លួនដាក់លក់លើ ផ្លេតហ្វម ១នេះ
អាជីវកម្ម January 19, 2022 Khmernote

និស្សិតសកលវិទ្យាល័យឥណ្ឌូណេស៊ី Sultan Gustaf Al Ghozali អាយុ ២២ឆ្នាំរកចំណូលបានជាង ១លានដុល្លារដោយលក់រូបថត selfie របស់គាត់ជា NFTs ។ បើតាម AFP បានឱ្យដឹងថា Ghozali បានថតរូបខ្លួនឯងជារៀងរាល់ថ្ងៃនៅមុខកុំព្យូទ័ររបស់គាត់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដើម្បីបង្កើតជាវីដេអូ timelapse សម្រាប់ការបញ្ចប់ការសិក្សារបស់គាត់។

បន្ទាប់ពីប្រមូលបានប្រហែលរូបថត selfie ១,០០០រូប និស្សិតវ័យក្មេង Ghozali បានសម្រេចចិត្តបង្ហោះរូបថតទៅវេទិកាពាណិជ្ជកម្ម NFT នៅក្នុងខែធ្នូ ហើយបានចាប់ផ្តើមទាក់ទាញអ្នកទិញ បន្ទាប់ពីមេចុងភៅល្បី Arnold Poernomo បានទិញរូបថតជា NFTs មួយចំនួនរបស់គាត់ ហើយផ្សព្វផ្សាយរូបទាំងនោះតាមអ៉ីនធឺណិត។

ជាក់ស្ដែងមនុស្សជាង ៤០០នាក់បានទិញកម្មសិទ្ធិរូបថតឌីជីថលរបស់ Ghozali ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ ដែលធ្វើឱ្យរូបថតទាំងនោះមានតម្លៃថ្លៃ និងតម្រូវការកាន់តែច្រើន។ កាលពីសប្តាហ៍មុន ថតរូប Selfie មួយមានតម្លៃ ០.២៤៧ នៃ cryptocurrency ether (ប្រហែល ៨០៦ ដុល្លារនៅពេលនោះ) ហើយការប្រមូលរូបភាព Selfie របស់ Ghozali បានឈានដល់ទំហំពាណិជ្ជកម្មសរុប ៣១៧ ether ដែលបច្ចុប្បន្នមានតម្លៃជាង ១លានដុល្លារ។

ជាមួយនឹងភាពជោគជ័យនេះ Ghozali បាននិយាយថា៖ «ខ្ញុំ​គិត​ថា​វា​អាច​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ ប្រសិន​បើ​អ្នក​ប្រមូល​ទិញរូបរបស់ខ្ញុំម្នាក់ កាត់រូបថតមុខរបស់ខ្ញុំចូលគ្នា។ ខ្ញុំមិនដែលគិតថាមាននរណាម្នាក់ចង់ទិញរូបថត selfie នោះទេ ដូច្នេះនេះហើយជាមូលហេតុដែលខ្ញុំដាក់តម្លៃត្រឹមតែ ៣ដុល្លារ»។ យ៉ាងណាមិញ មកទល់ពេលនេះគាត់មិនទាន់ប្រាប់ឪពុកម្ដាយពីការលក់រូបថតនោះទេ ខណៈពួកគាត់ងឿងឆ្ងល់ថា Ghozali រកលុយច្រើនបែបនេះមកពីណា ប៉ុន្តែគាត់បាននិយាយនៅលើបណ្ដាញ Twitter ថា កុំបំពានលើរូបថតរបស់គាត់ កុំឱ្យឪពុកម្ដាយខកចិត្តនឹងគាត់៕

អត្ថបទ៖ លីនី
ប្រភព៖ nextshark