ឧកញ៉ា ម៉ុង ឫទ្ធី ណែនាំឱ្យកសិករធ្វើរឿង ២នេះ ដែលអាចជួយកាត់បន្ថយការចំណាយថ្លៃភ្លើង និងជី ដែលកំពុងឡើងថ្លៃ
អាជីវកម្ម January 17, 2022 Khmernote

បងប្អូនប្រាកដជាបានស្គាល់ហើយសេដ្ឋីកសិកម្ម និងចិត្តធម៌មួយរូបនៅស្រុកខ្មែរ​នោះគឺ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី​ ដែលតែងតែជួយ ក៏ដូចជាខិតខំយ៉ាងខ្លាំងដើម្បីបង្កើតការងារ ឬ ជួយជាជំនួយដល់ប្រជាជនដែលខ្វះខាត។ មិនត្រឹមតែជួយប្រជាពលរដ្ឋឲ្យមានការងារធ្វើប៉ុណ្ណោះទេ ឯកឧត្តមតែងតែបង្ហាញពីគំនិតល្អៗជាច្រើនទាក់ទងទៅនឹងរឿងធ្វើជំនួញ និងវិស័យកសិកម្ម។

ជាក់ស្ដែង មុននេះបន្តិច ឯកឧត្តមបានបង្ហោះសំណេរមួយលើកឡើងពីគំនិតរបស់គាត់ដូច្នេះថា៖ «ថ្ងៃនេះ​ខ្ញុំលេីកយក​ជ្រុងមួយនៃ​គំនិត​របស់ខ្ញុំ​ ដែលបាន​អនុវត្ត​កន្លង​មក​លេីវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ដាំដុះ​និង​ចិញ្ចឹម​សត្វ​ មកអោយប្រជា​កសិករ​យេីង​ដែលនិយម​ចូលចិត្ត​ ប្រកបមុខ​របររកស៊ី​លេី​វិស័យ​នេះដូចតទៅ​ កសិករ​យេីងដែល​ជាអ្នក​ចិញ្ចឹម​សត្វ​មួយចំនួន​ធំ​ គាត់បាន​ផ្តោត​អារម្មណ៍​ថា​ចិញ្ចឹម​សត្វ​ លក់សត្វយកផល​ចំណេញ​តែម្តង​ ឯចំណែក​ខ្ញុំ​វិញ​ចិញ្ចឹម​សត្វ​យក​លាមក​សត្វ​មកផលិត​ជាហ្គាស់​ ដុត​បញ្ចេញ​ជា​ថាមពល​អគ្គិសនី​បំរេីសេចក្តី​ត្រូវការ​ រីឯចំណែក​កាកសំណល់​របស់វា​យកមក​ផលិតជាជី​ធម្មជាតិ​ ដាក់ដំណាំ​បាន​ជាច្រើន​ប្រភេទ​សិន​ ទេីបបាន​លក់ជ្រូក​យកប្រាក់​ជាក្រោយ​ បេីធ្វេី​ដូចខ្ញុំ​មិន​មាន​ផលប៉ះពាល់​បរិស្ថាន​ ចំណេញ​ប្រាក់ថ្លៃទិញ​អគ្គិសនី​និងថ្លៃទិញជី​ដាក់​ដំណាំ​ផងដែរ​ ដោយសារតែ​បច្ចុប្បន្ន​ជ្រូក​ដេក​ម៉ាស៊ីន​ត្រជាក់​ត្រូវការ​ប្រេីប្រាស់​ថាមពល​អគ្គិសនី​ ជា​មធ្យម​មួយ​លាន​គីឡូ​វ៉ាត់​ម៉ោង​ក្នុង​មួយ​ខែតម្លៃ​ទិញ​អគ្គិសនី​៧៣០៛​ តម្លៃ​ដែល​ខ្ញុំ​ផលិតដោយ​ខ្លួនឯង​ជា​មធ្យម​អស់តែ ១៨០៛ទេ​មួយ​គីឡូ​វ៉ាត់​ម៉ោង​ រីឯ​តម្លៃ​ជី​ធម្មជាតិនៅ​លេី​ទីផ្សារ​ជា​មធ្យម​ ២៥០ដុល្លារ​មួយតោន​ តម្លៃ​ចំណាយ​ដែលខ្ញុំ​ផលិត​ដោយខ្លួន​ឯង​អស់តែ២០​ដុល្លារ​ទេ​ក្នុង​មួយ​តោន​ រីឯចំណែក​តម្លៃ​ជី​គីមី​នៅពេលនេះ​ឡេីងថ្លៃ​ទ្វេដង​ គឺពី៤០០ដុល្លារ​រហូត​ទៅដល់ ៨២០ដុល្លារក្នុង​​មួយតោនទៅហេីយ​ អរគុណ​ច្រើន​ខ្លាំង​ណាស់​ដែល​ប្រិយមិត្ត​យេីងបាន​តាម​ដាន​ បេីខុស ឬត្រូវ​សូមមេត្តា​អភ័យទោស​ផង​ មកអំពី​រូបខ្ញុំ​មិនមែន​ជា​បណ្ឌិត​កសិកម្ម​ក្នុង​មហាវិទ្យាល័យ​ណាមួយទេ​។ ធ្វើ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​កែវផុស​វេលាម៉ោង​៣រសៀល​ថ្ងៃ​ចន្ទ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២២ »។

យ៉ាងណាមិញ នេះគឺជាគំនិតដ៏ល្អមួយសម្រាប់កសិករខ្មែរយើង ដែលអាចកាត់បន្ថយចំណាយផ្សេងៗ​ និងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការចិញ្ចឹមសត្វ ជួយសម្រួលដល់ថ្លៃដើមផលិត និងបង្កើនចំណូលបានច្រើន៕

អត្ថបទ៖ លីនី