ដោយសារចិត្តស្រលាញ់ និងចង់ថែមរតកដូនតា សិប្បកម្មចម្លាក់ស្បែកមួយកន្លែងក្នុងខេត្តសៀមរាបនៅតែបន្តដំណើរការទោះបីស្ថិតក្នុងវិបត្តិកូវីដ
អាជីវកម្ម January 14, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ចម្លាក់ស្បែកជាសិល្បៈមួយបែបរបស់ខ្មែរ ដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយ នៅតែបន្តសកម្មភាពរបស់ខ្លួន តាមរយៈផលិតជាវត្ថុអនុស្សាវរីយ៍ឱ្យភ្ញៀវទេសចរ នៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួនក្នុងខេត្តសៀមរាប ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩។

អ្នកនាង រិន ស្រីរ័ត្ន ម្ចាស់សិប្បកម្មចម្លាក់ស្បែកសៀមរាបអង្គរ បានឱ្យដឹងថា ចម្លាក់ស្បែកជាកេរ្តិ៍មរតកវប្បធម៌ពីបុរាណ របស់ដូនតា ដែលបានបន្សល់ទុកជាយូរ លង់ណាស់មកហើយ ដោយមានការរចនាក្បូរក្បាច់យ៉ាងល្អប្រណិតចេញពីសាច់រឿងរាមកេរិ៍្ត រឺល្ខោនស្រមោល ដែលបានចុះបញ្ចីចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ។

អ្នកនាងបន្តថា ផ្តើមចេញពីទឹកចិត្តស្រឡាញ់សិល្បៈចម្លាក់ស្បែក អ្នកនាងបានចាប់ផ្តើមបន្តអាជីពចម្លាក់ស្បែកពីគ្រួសារមក និងបានបើកអាជីវកម្មលក់ចម្លាក់ស្បែកនៅក្នុងផ្សាររាត្រីនាក្រុងសៀមរាបរយៈពេលជាង១០ ឆ្នាំមកហើយ។ អ្នកនាងបន្តថា នៅពេលវិបត្តិនៃជំងឺកូវីដ១៩រយៈពេលជាង ២ឆ្នាំមក ធ្វើឱ្យហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួន ត្រូវបានបិទជាបណ្តោះអាសន្ន ប៉ុន្តែអាជីវកម្មអ្នកនាងនៅតែបន្តដំណើរការ តាមរយៈការផ្សព្វផ្សាយលក់តាមបណ្តាញទំនាក់ទំនងសង្គម។

អ្នកនាងបន្តទៀតថា ការបន្តចាប់អាជីពជាអ្នកចម្លាក់ស្បែក ព្រោះតែអ្នកនាងចង់ចូលរួមចំណែកថែរក្សានិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបបានស្គាល់កាន់តែច្បាស់ពីសិល្បៈចម្លាក់របស់ដូនតាដែលបានបន្សល់ទុក។អ្នកនាងបន្តថា ចម្លាក់ស្បែកដែលបានដាក់ជូនអតិថិជនមានតម្លៃចាប់ពី១០ដុល្លារឡើងទៅ តាមទំហំតូចឬធំហើយចំពោះថវិកាដែលទទួលបានពីការលក់ចម្លាក់ស្បែក មួយចំណែកត្រូវបានយកទៅជួយទ្រទ្រង់ដំណើរការក្នុងមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរ ពេទ្យជ័យវរ្ម័នទី៧ ដើម្បីជួយសង្រ្គោះជីវិតកុមារកម្ពុជា ។

ចម្លាក់ស្បែកនេះ បើនិយាយទៅមានតាំងពីជីដូនជីតាខ្ញុំមកទៅក៏ប៉ាខ្ញុំធ្វើ ដល់មកខ្ញុំក៏បន្តធ្វើលក់ទៀតទៅ មានអារម្មណ៍ថាខ្ញុំស្រឡាញ់ស្បែកនេះខ្លាំង ព្រោះថាកេរ្តិ៍ដំណែលពីដូនតា ហើយណាមួយរបស់ពីដូនតាគ្រួសារខ្ញុំផង ឥឡូវខ្ញុំអត់មានហាងមានអីលក់ទេ ដោយ សារកូវីដ តែខ្ញុំស្រឡាញ់ខ្លាំង ខ្ញុំធ្វើរូបតាំងដាក់ស៊ុមនៅផ្ទះខ្ញុំមើលរាល់ថ្ងៃ កុំឱ្យភ្លេច ហើយខ្ញុំនៅតែបន្តលក់អ៊ីចឹង ដូចឥឡូវខ្ញុំផុសលក់តាមផេក ក្នុងចិត្តខ្ញុំ ខ្ញុំមានគម្រោងថា ចង់ឱ្យប្រជាជនខ្មែរស្គាល់ឱ្យបានច្រើន ហើយងាកមកស្រឡាញ់របស់ខ្មែរ ទិញជាគ្រឿងមង្គលដាក់តាំងផ្ទះអ៊ីចឹងទៅ។

សូមជម្រាបផងដែរថា ចម្លាក់ស្បែក ជាសិល្បៈយ៉ាងមាន តម្លៃ និងរស់រវើក អាចរក្សាទុកបានរាប់រយឆ្នាំ ពិសេសសំរាប់ការរចនាលម្អ នៅតាមគេហដ្ឋាន រឺ កន្លែងធ្វើការ ឱ្យកាន់តែមើលទៅស្រស់ស្អាត និងមានភាពទាក់ទាញផង។ ចម្លាក់ស្បែក ជាកេរ្តិ៍មរតកវប្បធម៌ពីបុរាណ របស់ដូនតា ដែលបានបន្សល់ទុកជាយូរលង់ណាស់មកហើយ តាំងពីមុនសម័យកាល នៃការកសាងប្រាសាទអង្គរវត្ត។ ចម្លាក់ស្បែក មាន ការរចនាក្បូរក្បាច់យ៉ាងល្អប្រណិតចេញពីសាច់រឿងរាមកេរិ៍្ត រឺល្ខោនស្រមោល ដែលបានចុះបញ្ចីចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក៕

ប្រភព៖ ក្រសួងព័ត៌មាន