ខាតលុយទៀតហើយ! Facebook ប្រឈមនឹងការពិន័យជាង ៣ពាន់លានដុល្លារពីអាជ្ញាធរអង់គ្លេសដោយសារករណីមួយនេះ
អាជីវកម្ម January 14, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Facebook ដែលឥឡូវគេស្គាល់ថាជា Meta Platforms ត្រូវប្រឈមមុខនឹងចំណាត់ការរបស់អាជ្ញាធរអង់គ្លេសដោយពិន័យជាទឹកប្រាក់ជាង ៣.២ ពាន់លានដុល្លារ ជុំវិញការចោទប្រកាន់ថា ក្រុមហ៊ុនបំពានលើទីផ្សារដោយការកេងប្រវ័ញ្ចទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ៤៤លាននាក់។

លោកស្រី Liza Lovdahl Gormsen ទីប្រឹក្សាជាន់ខ្ពស់នៃអាជ្ញាធរប្រតិបត្តិហិរញ្ញវត្ថុ (FCA) របស់ចក្រភពអង់គ្លេស និងជាអ្នកសិក្សាច្បាប់ប្រកួតប្រជែងលើទីផ្សារ បាននិយាយថា នាងកំពុងបញ្ជូនករណីនេះក្នុងនាមប្រជាជនក្នុងប្រទេសអង់គ្លេស ដែលបានប្រើប្រាស់ Facebook ចន្លោះឆ្នាំ២០១៥ និង២០១៩។

បណ្តឹងនេះ បានចោទប្រកាន់ Facebook ថា រកប្រាក់បានរាប់ពាន់លានផោន ដោយដាក់លក្ខខណ្ឌមិនយុត្តិធម៌ ដែលទាមទារឱ្យអ្នកប្រើប្រាស់ប្រគល់ទិន្នន័យផ្ទាល់ខ្លួនដ៏មានតម្លៃ ដើម្បីអាចចូលប្រើបណ្តាញបាន។ យ៉ាងណាមិញ Facebook បាននិយាយថា មនុស្សបានប្រើប្រាស់សេវាកម្មរបស់ខ្លួន ដោយសារតែវាផ្តល់តម្លៃសម្រាប់ពួកគេ ហើយពួកគេបានគ្រប់គ្រងព័ត៌មានដែលពួកគេចែករំលែកនៅលើវេទិការបស់ Meta និងអ្នកដែលពួកគេបានចែករំលែកជាមួយ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia