ស្ងាត់ៗ! ក្រុមហ៊ុន អ៉ីអន ម៉ល សម្រេចបោះទុនបង្កើតក្រុមហ៊ុនថ្មីមួយ នៅខេត្តព្រះសីហនុ
អាជីវកម្ម January 12, 2022 Khmernote

ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះបានឱ្យដឹងថា ក្រុមហ៊ុននឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា « ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក »។ បើតាមឯកសារដែលចេញផ្សាយនៅលើផេកផ្លូវការរបស់ AEON MALL Cambodia CO.,LTD. ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនថ្មីនេះ នឹងបើកដំណើរការ មជ្ឈមណ្ឌលដឹកជញ្ជូនពហុមុខងារ ដែលនឹងមានផ្ដល់សេវាកម្មជាកញ្ចប់ក្នុងការគ្រប់គ្រងនិងដឹកជញ្ជូនអីវ៉ាន់ (Fulfillment service) និង សេវាកម្មសម្របសម្រួលនីតិវិធីគយ (Customs clearance) នៅក្នុងភណ្ឌាគារគយមានដែនកំណត់ (Bonded warehouse)។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រុមហ៊ុននឹងបង្កើនភាពងាយស្រួលជូនអតិថិជន ព្រមទាំងផ្ដល់ឱកាសអាជីវកម្ម និង សេវាកម្មជាច្រើនប្រភេទ។ ក្រុមហ៊ុននឹងនៅតែបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាតទៅមុខទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក នឹងសាងសង់នៅលើផ្ទៃដីប្រមាណ ៣០,០០០ ម៉ែត្រការ៉េនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ជាមជ្ឈមណ្ឌលដឹកជញ្ជូន និងផ្ដល់សេវាកម្ម ផ្សេងៗទៀត។ ក្រុមហ៊ុននេះ នឹងបើកដំណើរការនៅក្នុងឆ្នាំ២០២៣ ក្រោមការគ្រប់គ្រងរបស់នាយកប្រតិបត្តិ Tsuboya Masayuki៕

អត្ថបទ៖ លីនី