មហាសេដ្ឋីឥណ្ឌូនេស៊ី ១រូប ត្រៀមលុយស្រោចស្រង់ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូនេស៊ី Garuda
អាជីវកម្ម January 12, 2022 Khmernote

មហាសេដ្ឋីឥណ្ឌូនេស៊ី លោក Chairul Tanjung នឹងចាក់ទុនស្រោចស្រង់ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូនេស៊ី Garuda បន្ទាប់ពី​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ។ ប៉ុន្តែមុនពេលបញ្ចូលទុនដើម្បីពង្រឹងឡើងវិញ មហាសេដ្ឋីឥណ្ឌូនេស៊ីរូបនេះ បាននិយាយកាលពីអង្គារថា លោកនឹងដកការវិនិយោគរបស់ខ្លួននៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Garuda បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍នេះបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធបំណុលដែលដឹកនាំដោយតុលាការ។

ការប្រកាសនេះបានធ្វើឡើងនៅពេលដែលរដ្ឋាភិបាលបានស្នើឱ្យព្រះរាជអាជ្ញា ចាប់ផ្តើមការស៊ើបអង្កេតអំពើពុករលួយទៅលើកិច្ចសន្យាជួលយន្តហោះមួយចំនួនរបស់ក្រុមហ៊ុន Garuda។ លោក Tanjung បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​របស់​លោក​ថា​៖ “យើង​សង្ឃឹម​ថា​ដំណើរការ​របស់​តុលាការ​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ។ ​ពេល​វា​រួចរាល់​ហើយ ផែនការ​របស់​យើង​គឺ​បង្កើន​ដើមទុន​ដើម្បី​ពង្រឹង (Garuda) “។

គួរបញ្ជាក់ថា អ្នកជំនួញរូបនេះ គឺជាម្ចាស់ភាគហ៊ុនធំទីពីររបស់ Garuda បន្ទាប់ពីរដ្ឋាភិបាលដោយកាន់កាប់ភាគហ៊ុន ២៨.៣ ភាគរយតាមរយៈក្រុមហ៊ុន PT Trans Airways។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូនេស៊ី Garuda ដែលត្រូវបានវាយប្រហារដោយការធ្លាក់ចុះនៃការធ្វើដំណើរតាមផ្លូវអាកាសអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ កំពុងស្ថិតនៅក្រោមការកែសម្រួលរចនាសម្ព័ន្ធបំណុលដែលដឹកនាំដោយតុលាការជុំវិញបំណុលដែលមិនទាន់បានបង់៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia