ផ្លែប៉ោមរសជាតិផ្អែមហើយមុតឈ្មោះថា Royal Gala ល្បីល្បាញពេញទីផ្សារសាកលផ្ដើមចេញពីចំការមួយនៅនូវែលសេឡង់
អាជីវកម្ម January 11, 2022 Khmernote

នាពេលថ្មីៗនេះ មានវិដេអូមួយកំពុងផ្ទុះខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងត្រូវបានធ្វើតម្រាប់តាមនៅលើ tik tok ជាហូរហែ ដោយក្នុងវិដេអូនោះបាននិយាយពីរឿងផ្លែប៉ោម Royal ដែលមានរសជាតិផ្អែមមុត។ យ៉ាងណាមិញថ្ងៃនេះ​ Khmernote Business នឹងបង្ហាញពីប្រវត្តិនៃផ្លែប៉ោមដ៏ល្បីលើពិភពលោក ១នេះ ថាកើតចេញពីណា ហេតុអ្វីក៏ល្បីល្បាញជាងផ្លែប៉ោមធម្មតា។

តាមពិតទៅ ពូជផ្លែប៉ោម Royal Gala ត្រូវបានបង្កើតឡើងដោយអ្នកជំនាញផ្នែកសាកវប្បកម្មនៅ Greytown គឺ James Hutton Kidd នៅសតវត្សរ៍ទី២០ ដែលបច្ចុប្បន្នហៀបនឹងដណ្តើមបានតំណែងផ្លែប៉ោមកំពូលនៅសហរដ្ឋអាមេរិក ហើយកំពុងស្ថិតនៅលើផ្លូវដើម្បីក្លាយជាផ្លែប៉ោមសំណព្វរបស់ពិភពលោក។

ត្រលប់ទៅទសវត្សរ៍ឆ្នាំ១៩៣០ លោក Kidd បានលាយបញ្ចូលគ្នានូវពូជដែលមានលក្ខណៈខុសៗគ្នា ដើម្បីបង្កើតការបន្សាំជាច្រើន រួមទាំងពូជផ្លែប៉ោម Gala។ ប៉ុន្តែជាអសកុសលគាត់បានបាត់បង់ជីវិតមុនពេលដែលផ្លែប៉ោមនេះល្បីល្បាញលើពិភពលោក។ យ៉ាងណាមិញ នៅឆ្នាំ១៩៦០ លោក Don McKenzie បានដាក់ឈ្មោះ Royal Gala ដែលត្រូវបានគេស្គាល់មកសព្វថ្ងៃនេះ ហើយបានត្រួសត្រាយទីផ្សាររហូតដល់ផ្លែប៉ោមរបស់នូវែលសេឡង់មួយនេះល្បីល្បាញ។

លោក Gareth Winter ប្រវត្តិវិទូ និងអ្នកជំនាញផ្នែកសាកវប្បកម្ម Wairarapa បាននិយាយថា៖ ” ភាពប៉ិនប្រសប់របស់ Kidd កើតចេញពីអារម្មណ៍ដ៏អស្ចារ្យ ដែលគាត់គិតថា ពូជនឹងដំណើរការជាមួយគ្នា។ ភាពឆ្លាតវៃរបស់គាត់គឺការផ្សាំផ្លែប៉ោមអាមេរិក ជាមួយផ្លែប៉ោមអ៉ឺរ៉ុប។ តាមរយៈការបង្កាត់ពូជរបស់អាមេរិកជាមួយផ្លែប៉ោមអង់គ្លេស គាត់សម្រេចបានពូជផ្លែប៉ោមមួយដែលនៅតែមានរសជាតិផ្អែម ហើយផ្អែមមុត និងរសជាតិស្មុគស្មាញជាងផ្លែប៉ោមធម្មតា ហើយនៅតែមានក្លិនឈ្ងុយដដែល”។

ប្រវត្តិវិទូបានបន្ថែមថា ក្នុងអំឡុងពេលនៃជីវិតរបស់គាត់ លោក James Hutton Kidd បានបង្កើតពូជមួយឈ្មោះថា Kidd’s Orange Red ដែលគាត់បានលក់ក្នុងតម្លៃ £2000 (ប្រមាណ ២៧០០ដុល្លារ)។ Kidd បានស្លាប់នៅឆ្នាំ១៩៤៥ ប៉ុន្តែក្នុងអំឡុងសង្គ្រាមលោកលើកទី ២ គ្រានោះគាត់បានផ្ទេរពូជរបស់គាត់ទៅផ្នែកស្រាវជ្រាវផ្លែឈើរបស់នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្ម (DSIR) ដែលក្នុងនោះពូជពីរប្រភេទបង្ហាញថាជា ពូជដ៏ពេញនិយម។ យ៉ាងណាមិញ លោក McKenzie ដាក់ឈ្មោះផ្លែប៉ោមនោះថា Gala ក្នុងឆ្នាំ 1965 ហើយបានចេញលក់នៅលើទីផ្សារ ដោយប្រជាប្រិយភាពរបស់វាបានកើនឡើងតាំងពីពេលនោះមក៕

អត្ថបទ៖ លីនី
ប្រភព៖ stuff