ធនាគារអេស៊ីលីដា បានទិញ ៣០លានដុល្លារអាមេរិក លើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC គាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្ដកណ្ដាល
អាជីវកម្ម January 11, 2022 Khmernote

យោងតាម​ការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា គោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបើកទូលាយដល់វិស័យឯកជនមកបណ្ដាក់ទុនដោយសេរីនៅកម្ពុជា ជាក់ស្ដែង ធនាគារអេស៊ីលីដា បានចំណាយទុនវិនិយោគ ៣០លានដុល្លារអាមេរិក តាមរយៈពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាប័ណ្ណ មានបុគ្គលធានារបស់គម្រោងអាកាសយានដ្ឋានអន្ដរជាតិតេជោ រវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយលោក ឆារស៍ វ៉ាន់ (Charles Vann) ជាអគ្គនាយករង និងធនាគារ អេស៊ីលីដា ភីអិលស៊ី តំណាងដោយបណ្ឌិត អ៊ិន ចាន់នី ជាប្រធាននាយកប្រតិបត្តិ ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ក្នុងគោលបំណងសម្រាប់ការទិញសញ្ញាប័ណ្ណមានបុគ្គលធានាទឹកប្រាក់ចំនួន ៣០លានដុល្លារអាម៉េរិក របស់គម្រោងសាងសង់អាកាស យានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណៈបុគ្គល)។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាប័ណ្ណនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ នៅមជ្ឈ មណ្ឌលពាណិជ្ជកម្មកាណាឌីយ៉ា ។

លោក Charles Vann អគ្គនាយករង CAIC បានបញ្ជាក់ថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាប័ណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣០% ត្រូវនឹងទឹកប្រាក់សរុប៣៩០លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។

លោកបន្ដថា អត្រាការប្រាក់(Coupon rate) របស់សញ្ញាប័ណ្ណនេះ គឺ៥.៥ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (Tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម។ ជាមួយនឹងគម្រោងសំខាន់ៗជាច្រើន ដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាង ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនាប្លង់សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់ គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ មានប្រសាសន៍ថា ធនាគារអេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុន មហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងជាធនាគារពាណិជ្ជទី១ ដែលបានចុះបញ្ជីលក់មូលបត្រក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។

លោកបន្ដថា ធនាគារអេស៊ីលីដាភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន០៤ រួមមាន៖ធនាគារអេស៊ីលីដាឡាវ អេស៊ីលីដាស៊ីឃ្យួរឹធីភីអិលស៊ី វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា និងអេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងចំនួន១ នៅ ប្រទេសមីយ៉ាន់ម៉ា។ ធនាគារអេស៊ីលីដា មានបណ្ដាញប្រតិបត្តិការយ៉ាងធំទូលាយគ្របដណ្ដប់ទូទាំងព្រះរាជាណាចក្រកម្ពុជា (មាន ២៦២សាខា) និងបានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវ មាន ៣៨សាខា និងប្រទេសមីយ៉ាន់ម៉ា មាន១៧សាខា៕

ប្រភព៖ information