ហេតុអ្វីបានជាកាបូប Hermès និង Chanel លក់ដាច់ខ្លាំង ហើយយីហោនេះមិនផលិតឱ្យច្រើនតាមតម្រូវការអតិថិជន?
អាជីវកម្ម January 11, 2022 Khmernote

Hermès និង Chanel ជាយីហោដ៏ល្បីល្បាញយូរលង់ណាស់មកហើយរបស់ប្រទេសបារាំង ដែលមានលក់ផលិតផលជាច្រើនមុខរាប់ចាប់ពីគ្រឿងសម្អាង សម្លៀកបំពាក់ កាបូប គ្រឿងអលង្ការ ទឹកអប់ និងរបស់របរប្រើប្រាស់ជាច្រើនមុខទៀត។ ក្នុងចំណោមផលិតផលទាំងនោះយីហោ Hermès មានភាពល្បីល្បាញខ្លាំងដោយសារកូតាលើការទិញកាបូប ហើយឥឡូវនេះ Chanel ក៏កំពុងធ្វើដូចគ្នា ហើយបានបង្កើនតម្លៃ ដើម្បីជៀសវាងការក្លាយជាម៉ាកយីហោដែលមានទីផ្សារធំ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន scmp បានឱ្យដឹងថា យីហោលំដាប់ពិភពលោកទាំង ២នេះ ប្រើយុទ្ធសាស្រ្តកំណត់ក្នុងការទិញកាបូបសម្រាប់អតិថិជន ដើម្បីភាពផ្ដាច់មុខ និងធ្វើឱ្យកាបូបរបស់ពួកគេក្លាយជាទំនិញដែលមានអ្នកចង់បានច្រើនបំផុត។ ប្រភពដដែលបានឱ្យដឹងថា កាបូប Hermès និង Chanel មិនសូវមានច្រើននៅលើទីផ្សារ ជាពិសេសទំនិញស្បែក ឬ ទំនិញប្រណិតមិនមែនដោយសារបញ្ហា កូវីដ-១៩ ឬរឿងអ្វីផ្សេងឡើយ តែវាជាភាពផ្ដាច់មុខ និងវិធីដែលធ្វើឱ្យកាបូបទាំងនោះកាន់តែមានតម្លៃ។

ជាក់ស្ដែងកាសែត Korea Times បានរាយការណ៍កាលពីចុងឆ្នាំមុនថា ម៉ាក Chanel បានអនុម័តគោលការណ៍ថ្មីមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយអនុញ្ញាតឱ្យអតិថិជនម្នាក់ៗអាចទិញម៉ូដែលគ្រឿងបន្លាស់ស្បែក និងកាបូបតែមួយមុខប៉ុណ្ណោះក្នុងមួយឆ្នាំ។ ជាឧទាហរណ៍ ច្បាប់នេះមានន័យថា អតិថិជនមិនអាចទិញកាបូបទំហំ 2.55 (គ្រប់ម៉ូដ) ដែលមានពណ៌ទឹកប៊ិច និងខ្មៅ ចំនួន ២ បានទេ ប៉ុន្តែសម្រាប់ម៉ូដផ្សេងអាចទិញបានចំនួន ២ ដែលមានពណ៌ដូចគ្នា។

គួរឱ្យដឹងថា Hermès ជាយីហោដ៏ប្រណិតរបស់បារាំងដែលបានបង្កើតឡើងក្នុងឆ្នាំ ១៨៣៧ ដែលមានផលិតផលស្បែក គ្រឿងប្រើប្រាស់សម្រាប់រស់នៅ គ្រឿងសង្ហារឹមក្នុងផ្ទះ ទឹកអប់ គ្រឿងអលង្ការ នាឡិកា និងសំលៀកបំពាក់ជាដើម។ ដោយឡែក គឺយីហោដ៏ប្រណិតរបស់បារាំងដូចគ្នា ដែលត្រូវបានបង្កើតឡើងដោយ couturière Coco Chanel ក្នុងឆ្នាំ១៩១០។ វាផ្តោតលើសម្លៀកបំពាក់ដែលត្រៀមរួចជាស្រេចសម្រាប់ស្ត្រី ទំនិញប្រណិត និងគ្រឿងបន្លាស់សម្រាប់កាបូប។ បច្ចុប្បន្នក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងដោយ Alain Wertheimer និង Gérard Wertheimer ដែលជាចៅប្រុសរបស់លោក Pierre Wertheimer ដែលជាដៃគូអាជីវកម្មដំបូងរបស់ Coco Chanel៕

អត្ថប៖ លីនី
ប្រភព៖ scmp.