7-Eleven នៅក្រុងប៉េកាំង រងពិន័យរាប់សែនដុល្លារ ដោយសារបង្ហាញផែនទីនៃប្រទេសចិនមិនបានពេញលេញលើគេហទំព័រផ្លូវការរបស់ខ្លួន
អាជីវកម្ម January 8, 2022 Khmernote

យោងតាមសេចក្តីជូនដំណឹងផ្លូវការមួយបានឱ្យដឹងថា សាខាហាងទំនិញធំជាងគេនៅទីក្រុងប៉េកាំងរបស់ 7-Eleven ត្រូវបានពិន័យជាប្រាក់ចំនួន ១៥០,០០០ យ័ន (២៣,៥០០ ដុល្លារអាមេរិក) សម្រាប់ការបង្ហាញ “ផែនទីមិនពេញលេញនៃប្រទេសចិន” ។ ផែនទីដែលប្រើនៅលើគេហទំព័រផ្លូវការរបស់ 7-Eleven ទីក្រុងប៉េកាំង “បានបង្ហាញខុសខេត្តតៃវ៉ាន់ជាប្រទេសឯករាជ្យ” នេះបើយោងតាមគេហទំព័រផ្លូវការរបស់ Credit China ។

ប្រភពដដែលបានឱ្យដឹងថា ទាំងផែនទីដែលប្រើនៅលើគេហទំព័រផ្លូវការ និងនៅច្រកចូលក្រុមហ៊ុន ក៏មិនបានរាប់បញ្ចូលសញ្ញាសម្គាល់កោះនៅសមុទ្រចិនខាងត្បូង ដែលចិនមានជម្លោះជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។ ក្រុមហ៊ុនក៏មិនរាប់បញ្ចូលកោះ Diaoyu ដែលមានជម្លោះ និង Chiwei Yu ដែរ ដែលទាំងពីរ គឺជាផ្នែកមួយនៃប្រជុំកោះ Diaoyu ដែលចិនទាមទារអធិបតេយ្យភាព ប៉ុន្តែបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយប្រទេសជប៉ុន ជាកន្លែងដែលពួកគេត្រូវបានគេស្គាល់ថាជាប្រជុំកោះ Senkaku ។

បន្ថែមពីលើការព្រមានជាផ្លូវការ 7-Eleven ទីក្រុងប៉េកាំងត្រូវបានពិន័យជាប្រាក់ចំនួន ១០០,០០០ យ័ន សម្រាប់ផែនទីដែលមានកំហុសនៅលើគេហទំព័ររបស់ខ្លួន និង ៥០,០០០ យ័នសម្រាប់កំណែក្រៅបណ្តាញ នេះបើយោងតាមសេចក្តីសម្រេចកាលពីថ្ងៃទី២១ ខែធ្នូ ដោយសាខា Dongcheng នៃគណៈកម្មាធិការផែនការ និងធនធានធម្មជាតិក្រុងប៉េកាំង។

គួរឱ្យដឹងថា 7-Eleven Beijing គ្រប់គ្រងហាងជាង ១៦០ទីតាំង នៅក្នុងទីក្រុងប៉េកាំង និងជាង ១៤០ កន្លែងនៅទីក្រុង Tianjin នេះបើយោងតាមគេហទំព័ររបស់ខ្លួន។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០០៤ ហើយត្រូវបានគ្រប់គ្រងដោយ 7-Eleven (ប្រទេសចិន) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនជប៉ុន 7 & i Holdings៕

អត្ថបទ៖ លីនី
ប្រភព៖ scmp