យីហោអាហារដ៏ល្បី McDonald នៅជប៉ុន នឹងប្រឈមបញ្ហាកង្វះដំឡូងបារាំងដោយសារបញ្ហា ១នេះ
អាជីវកម្ម January 8, 2022 Khmernote

យីហោអាហាររហ័សដ៏ល្បីរបស់អាមេរិក McDonald នៅក្នុងប្រទេសជប៉ុន នឹងប្រឈមបញ្ហាកង្វះដំឡូងបារាំង ដែលច្នៃជាដំឡូងបាំរាងបំពងនិង ជាអាហារដ៏ល្បីប្រចាំហាង។ កង្វះដំឡូងនេះ បណ្ដាលមកពីបញ្ហាដឹកជញ្ជូន ដែលត្រូវបង្ខំឱ្យ McDonald នៅជប៉ុន បង្រួមទំហំចំណិតដំឡូងមកតូចជាងមុន ដើម្បីធានាការផ្គតផ្គង់ដល់អតិថិជន។

ក្រុមហ៊ុន McDonald’s Holdings Japan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ផលប៉ះពាល់នៃការខូចខាតដោយទឹកជំនន់នៅកំពង់ផែ Vancouver និងការរំខានផ្សេងទៀតចាប់តាំងពីឆ្នាំមុន នឹងពន្យារពេលការដឹកជញ្ជូនដំឡូងពីអាមេរិកខាងជើង។

ប្រតិបត្តិការដឹកជញ្ជូនសកលនៅតែបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយកត្តាចម្រុះ រួមទាំងការចាក់សោរជំងឺរាតត្បាត កូវីដ-១៩ អាកាសធាតុខ្លាំង និងការងើបឡើងវិញយ៉ាងឆាប់រហ័សនៃតម្រូវការ។ ជាលទ្ធផល McDonald’s បាននិយាយថា ចាប់ពីថ្ងៃអាទិត្យ ហាងនឹងលក់តែដំឡូងបំពងខ្នាត S ប្រហែលមួយខែ “ដើម្បីធ្វើឱ្យប្រាកដថា មានស្តុកច្រើន ហើយអតិថិជនរបស់ខ្លួនអាចរីករាយជាមួយដំឡូងបំពង McDonald’s ដោយមិនមានការរំខាន”៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia