ក្រុមហ៊ុន General Motors Co បានធ្លាក់ចេញពីតំណែងក្រុមហ៊ុនផលិតរថយន្តលេខ១ នៅអាមេរិកក្នុងឆ្នាំ២០២១ ដោយសារការលក់ធ្លាក់ចុះ។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុនផលិតរថយន្តនៅទីក្រុង Detroit មួយនេះមិនបានក្លាយជាក្រុមហ៊ុនលក់រថយន្តដាច់ជាងគេនៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៣១។
យ៉ាងណាមិញ យោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា តំណែងកំពូលអ្នកលក់រថយន្តនេះ បានទៅលើក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp ដែលលក់បានច្រើនជាងក្រុមហ៊ុន GM។ ក្នុងនោះ Toyota បានលក់រថយន្តចំនួន ២.៣៣២ លានគ្រឿងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ ខណៈ GM លក់បានតែ ២.២១៨ លានគ្រឿង។
សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ការលក់នៅសហរដ្ឋអាមេរិករបស់ GM បានធ្លាក់ចុះ ១៣% សម្រាប់ឆ្នាំ២០២១ ខណៈដែល Toyota កើនឡើង ១០%។ ជាមួយគ្នានោះសម្រាប់ឆ្នាំ២០២០ ការលក់របស់ GM នៅសហរដ្ឋអាមេរិកមានចំនួនសរុប ២.៥៥លាន ធៀបនឹង ២.១១ លានរបស់ក្រុមហ៊ុន Toyota និង ២.០៤ លានរបស់ក្រុមហ៊ុន Ford៕



អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


