ក្រោយកំពុងវាយលុកទីផ្សារអន្តរជាតិធំៗ Vinfast វៀតណាម គ្រោងនឹងសាងសង់រោងចក្រអាគុយនៅសហរដ្ឋអាមេរិក
អាជីវកម្ម January 6, 2022 Khmernote

នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Vinfast បានប្រាប់រ៉យទ័រកាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងបង្កើតបណ្ដុំស្នូល និងកញ្ចប់អាគុយរថយន្តអគ្គិសនីនៅក្នុងរោងចក្រផលិតនៅសហរដ្ឋអាមេរិកដែលបានគ្រោងទុក។ VinFast ដែលជាផ្នែកមួយនៃ Vingroup JSC ដែលជាក្រុមហ៊ុនធំជាងគេក្នុងប្រទេសវៀតណាម បាននិយាយពីមុនថា ខ្លួនគ្រោងនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកក្នុងឆមាសទីពីរនៃឆ្នាំ២០២៤។

មិនតែប៉ុណ្ណោះ VinFast កំពុងភ្នាល់នៅលើទីផ្សារសហរដ្ឋអាមេរិក ជាកន្លែងដែលខ្លួនគ្រោងនឹងបង្ហាញរថយន្តស្ព័រអគ្គិសនីដែលមានតម្លៃសមរម្យនៅចុងឆ្នាំនេះជាមួយនឹងម៉ូដែលថ្មរបស់វា។ លោកស្រី Le Thi Thu Thuy អនុប្រធានក្រុមហ៊ុន Vingroup និងជានាយកប្រតិបត្តិក្រុមហ៊ុន VinFast Global បាននិយាយថា “យើងនឹងសាងសង់រោងចក្រយក្សរបស់យើងនៅសហរដ្ឋអាមេរិកផងដែរ”។

គួរឱ្យដឹងថា នៅក្នុងខែធ្នូ Vingroup បាននិយាយថា ខ្លួនបានចាប់ផ្តើមសាងសង់រោងចក្រផលិតបណ្ដុំស្នូលអាគុយនៅក្នុងប្រទេសវៀតណាម ដូច្នេះ Vinfast អាចគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់អាគុយរបស់ខ្លួន។ ជាមួយគ្នានេះក្រុមហ៊ុនកំពុងស្វែងរកក្នុងការផលិតកញ្ចប់អាគុយជាលើកដំបូងចំនួន ១០០,០០០ ក្នុងមួយឆ្នាំ ជាមួយនឹងការវិនិយោគចំនួន ១៧៤លានដុល្លារអាមេរិក ហើយបន្ទាប់មកបង្កើនសមត្ថភាពរបស់ខ្លួនដល់មួយលាន។

Vinfast បានក្លាយជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងគេបង្អស់របស់ប្រទេសវៀតណាម នៅពេលដែលម៉ូដែលដែលប្រើសាំងរបស់ខ្លួនបានបង្កើតក្រោមផ្លាកសញ្ញាផ្ទាល់ខ្លួនបានល្បីល្បាញខ្លាំងក្នុងឆ្នាំ២០១៩ ហើយក្រុមហ៊ុនបានចាប់ផ្តើមលក់រថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសវៀតណាមនៅចុងឆ្នាំ២០២១៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia