សាស្ត្រាចារ្យ Homei Miyashita នៃសកលវិទ្យាល័យ Meiji ក្នុងទីក្រុងតូក្យូ បានបង្កើតគំរូអេក្រង់មួយឈ្មោះថា “lickable screen” ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចភ្លក់នូវអ្វីដែលមាននៅលើអេក្រង់របស់ពួកគេបាន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nextshark បានឱ្យដឹងថា លោក Miyashita និងក្រុមនិស្សិតចំនួន ៣០នាក់បានបង្កើតគម្រោង “Taste the TV” (TTTV) ក្នុងរយៈពេលមួយឆ្នាំកន្លងមកហើយ។
យោងតាមវីដេអូពីមន្ទីរពិសោធន៍របស់ Miyashita ម៉ាស៊ីននេះដំណើរការដោយការប្រើកំប៉ុងដើម្បីលាយ និងបាញ់នូវការរួមបញ្ចូលគ្នានៃរសជាតិផ្សេងៗគ្នាទៅលើអេក្រង់។ ជាមួយនឹងកំប៉ុង រសជាតិជាច្រើនប្រភេទអាចផលិតរសជាតិអាហារជាច្រើន រាប់ចាប់ពីជម្រៅដ៏ស្មុគស្មាញនៃជាតិអាល់កុល រហូតដល់រសជាតិហឹរ។
បើនិយាយពីរឿងអនាម័យវិញ រសជាតិត្រូវបានបាញ់ទៅលើបន្ទះផ្លាស្ទិកដែលគ្របលើអេក្រង់ ហើយផ្លាស្ទិកនេះប្រើតែមួយដងប៉ុណ្ណោះ ដូច្នេះអ្នកប្រើប្រាស់មិនចាំបាច់លិទ្ធផ្ទៃពិតរបស់ទូរទស្សន៍នោះទេ។ យ៉ាងណាមិញយោងតាមសារព័ត៌មាន Reuters លោក Miyashita ជឿជាក់ថា កំណែពាណិជ្ជកម្មមួយនឹងមានតម្លៃប្រហែល ១០០,០០០ យ៉េន (៨៧៥ ដុល្លារ) ដើម្បីផលិត។ សាស្ត្រាចារ្យសង្ឃឹមថា TTTV នឹងជួយជំរុញការតភ្ជាប់ ជាពិសេសក្នុងអំឡុងពេលរក្សាគម្លាតសង្គម និងការធ្វើចត្តាឡីស័ក៕




អត្ថបទ៖ លីនី
ប្រភព៖ nextshark


