យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Samsung Group របស់កូរ៉េខាងត្បូងកំពុងពិភាក្សាទិញយកក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក (Biogen) ក្នុងតម្លៃជាង ៤០ពាន់លានដុល្លារ។ ដំណឹងនេះត្រូបានប្លែកធ្លាយតាមរយៈរបាយការណ៍មួយ ហើយបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Biogen បានកើនឡើងកាលពីថ្ងៃពុធ ទី២៩ ខែធ្នូ កន្លងទៅនេះ។
Biogen ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតថ្នាំ Alzheimer’s Aduhelm និង ថ្នាំ neurology ដែលផ្តោតលើសរសៃប្រសាទបានទៅជួប Samsung លើកិច្ចព្រមព្រៀងដ៏មានសក្តានុពលដែលអាចមានតម្លៃជាង ៤២ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍នៅក្នុងកាសែត Korea Economic Daily។ ប៉ុន្តែទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យក្រុមហ៊ុន Biogen បានបដិសេធការអធិប្បាយ។
ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏មិនបានបញ្ជាក់ពីគោលបំណងក្នុងការទិញ ក្រុមហ៊ុនអាមេរិកមួយនេះដែរ។ គួរឱ្យដឹងថា Biogen ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៨ ដោយក្រុមដែលរួមបញ្ចូលអ្នកឈ្នះរង្វាន់ណូបែល Walter Gilbert និង Phillip Sharp។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cambridge រដ្ឋ Massachusetts ទទួលបានប្រាក់ចំណូលចំនួន ១៣.៤ ពាន់លានដុល្លារកាលពីឆ្នាំមុន៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


