យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា ក្រុមហ៊ុន Apple បានប្រកាសពីថ្ងៃចន្ទ (ទី២៧ ខែធ្នូ) ថាខ្លួនបានបិទហាងលក់រាយនៅទីក្រុងញូវយ៉កចំនួន ១២ទីតាំង ដោយសារការកើនឡើងនៃករណីកូវីដ-១៩ វ៉ារ្យ៉ង់ Omicron រីករាលដាលពាសពេញសហរដ្ឋអាមេរិក។
អ្នកនាំពាក្យរបស់ Apple បាននិយាយថា អតិថិជនអាចធ្វើការបញ្ជាទិញតាមអ៉ីនធឺណេតនៅហាងនានាដែលបិទរួមមាន ហាងនៅ Fifth Avenue, Grand Central និង SoHo ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “យើងត្រួតពិនិត្យលក្ខខណ្ឌជាទៀងទាត់ ហើយយើងនឹងកែសម្រួលទាំងវិធានការសុខភាព និងសេវាកម្មហាងរបស់យើង ដើម្បីគាំទ្រដល់សុខុមាលភាពរបស់អតិថិជន និងបុគ្គលិក”។
គួរឱ្យដឹងថា កាលពីដើមខែនេះ Apple បាននិយាយថា ខ្លួនបានបិទហាងចំនួន ៣ជាបណ្ដោះអាសន្ននៅសហរដ្ឋអាមេរិក និងកាណាដា បន្ទាប់ពីការកើនឡើងនៃករណីកូវីដ-១៩ និងការប៉ះពាល់ក្នុងចំណោមបុគ្គលិករបស់ហាង។ សម្រាប់ហេតុផលដូចគ្នានេះ Apple ក៏បានកំណត់ឱ្យអតិថិជន និងបុគ្គលិកទាំងអស់របស់ខ្លួនពាក់ម៉ាសនៅហាងលក់រាយផ្សេងៗទៀតនៅសហរដ្ឋអាមេរិកផងដែរ៕



អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


