ក្រុមហ៊ុនផលិតផលប្រើប្រាស់ចម្រុះជាតិសាសន៍របស់អាមេរិក Colgate និងដៃគូបណ្តាក់ទុនរួមគ្នាគឺក្រុមហ៊ុន Hawley & Hazel បានប្រកាសថា នឹងប្តូរឈ្មោះម៉ាក “ថ្នាំដុសធ្មេញមនុស្សខ្មៅ” ឬ “Black People Toothpaste” ដ៏ចម្រូងចម្រាសរបស់ខ្លួននៅឆ្នាំ២០២២។ ការប្រកាស ផ្លាស់ប្ដូរនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបានរក្សាឈ្មោះដើមដែលយីហោថ្នាំដុសធ្មេញដ៏ពេញនិយមមួយនៅអាស៊ី ជាមួយនឹងភាពដ៏ចម្រូងចម្រាសអស់ជាច្រើនទស្សវត្សមក។

ក្រុមហ៊ុន Hawley & Hazel ដែលជាក្រុមហ៊ុនផលិតផលិតផលថែរក្សាមាត់មានមូលដ្ឋាននៅទីក្រុងហុងកុង បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងផ្លាស់ប្តូរឈ្មោះចិននៃថ្នាំដុសធ្មេញ “Darlie” ដ៏ល្បីល្បាញរបស់ខ្លួនពី “Black People Toothpaste” ទៅជា “Haolai” នៅខែមីនាឆ្នាំក្រោយ នេះបើយោងតាមសារព័ត៌មានហុងកុងសេរី (HKFP)។
គួរឱ្យដឹងថា យីហោថ្នាំដុសធ្មេញត្រូវបានបង្កើតឡើងនៅទីក្រុងសៀងហៃ ជាមួយនឹងឈ្មោះចិនថា “Black People Toothpaste” និងឈ្មោះជាភាសាអង់គ្លេសថា “Darkie” នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៣០។ ការវេចខ្ចប់របស់ថ្នាំដុសធ្មេញនេះ មានរូបភាពបុរសដែលយកគំរូតាមអ្នកចម្រៀងអាមេរិក និងតារាកំប្លែងមុខខ្មៅ Al Jolson ។ យីហោថ្នាំដុសធ្មេញឥឡូវនេះត្រូវបានគ្រប់គ្រងដោយ Hawley & Hazel និងដៃគូបណ្តាក់ទុនរួមគ្នារបស់ខ្លួនគឺ Colgate-Palmolive ដែលបានប្រឈមមុខនឹងប្រតិកម្មយ៉ាងខ្លាំងក្នុងឆ្នាំ១៩៨៥ បន្ទាប់ពីទទួលបាន ៥០% នៃ Hawley & Hazel និងរួមទាំងម៉ាក “Darkie” នៅក្នុងផលប័ត្ររបស់ខ្លួន នេះបើយោងតាមកាសែត New York Times ។
នៅឆ្នាំ១៩៨៩ លោក Ruben Mark ដែលជានាយកប្រតិបត្តិរបស់ Colgate-Palmolive បានចេញការសុំទោស ដោយបានជំនួសឈ្មោះថ្នាំដុសធ្មេញជាភាសាអង់គ្លេសថា “Darlie” និងបានធ្វើការកែប្រែលើការវេចខ្ចប់ ដើម្បីកុំឱ្យបង្ហាញពីខាងពូជសាសន៍ ប៉ុន្តែទោះយ៉ាងណាក៏ដោយ យីហោចិននៅតែជា “ថ្នាំដុសធ្មេញមនុស្សខ្មៅ”។ យ៉ាងណាមិញក្រុមហ៊ុនបានសន្យាផ្លាស់ប្ដូរនៅឆ្នាំ២០២២នេះ ចំពេលមានការអំពាវនាវដែលកំពុងកើនឡើងនៃចលនា Black Lives Matter (BLM) សម្រាប់សមភាពជាតិសាសន៍នៅក្នុងសហរដ្ឋអាមេរិក៕


អត្ថបទ៖ លីនី
ប្រភព៖ nextshark


