កំពូលអ្នករកស៊ីមែន ទៅដើរលេងហើយឆ្លៀត Live លក់តែ ២ម៉ោងរកលុយបានជាង ៧០ម៉ឺនដុល្លារ
អាជីវកម្ម December 23, 2021 Khmernote

អតីតអ្នកសំដែងមួយរូបវ័យ ៦០ឆ្នាំដែលបានផ្លាស់ប្ដូរអាជីពទៅជាអ្នកលក់គ្រឿងសមុទ្រតាមអ៉ីនធឺណេត បានឡាយលក់ផលិតផលរបស់យីហោដ៏ល្បីមួយ Gucci បានប្រាក់ដល់ទៅ ១លានដុល្លារសិង្ហបុរី (ប្រហែល ៧៣៣,០០០ ដុល្លារ) ក្នុងរយៈពេលតែពីរម៉ោង នៅពេលទៅកម្សាន្តនៅទីក្រុងបារីស។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nextshark ដែលដកស្រង់ចេញពី ​​AsiaOne បានឱ្យដឹងថា លោក Wang Lei ដែលត្រូវបានគេស្គាល់តាមអ៉ីនធឺណិតថាជាអ្នកលក់គ្រឿងសមុទ្រ “fish-selling brother” បានទៅហាង Gucci ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ជាកន្លែងដែលគាត់បានឡាយបន្តផ្ទាល់លក់ផលិតផល Gucci តាមអនឡាញ។

អ្នកលក់គ្រឿងសមុទ្ររូបនេះ ត្រូវបានអនុញ្ញាតឱ្យឡាយលក់ផលិតនៅជ្រុងមួយក្នុងហាង ដោយអ្នកប្រើប្រាស់ Facebook ប្រហែល ៣២,០០០ នាក់ត្រូវបានគេរាយការណ៍ថា បានមើលការឡាយផ្ទាល់របស់គាត់ ហើយក្នុង​រយៈពេល ៤៥ នាទី​ដំបូង​លោក Wang បាន​លក់​កាបូប​តម្លៃ ២៥០,០០០ ដុល្លារ​សិង្ហបុរី (ប្រហែល ១៨៣,០០០ ដុល្លារ)។ គាត់បានសម្រេចគោលដៅរបស់គាត់ក្នុងការលក់ផលិតផល Gucci តម្លៃជាង ១លានដុល្លារសិង្ហបុរី (ប្រហែល ៧៣៣,០០០ ដុល្លារ) ក្នុងរយៈពេលតែពីរម៉ោងប៉ុណ្ណោះ។

បន្ទាប់ពីជោគជ័យនៃការឡាយលើកនេះ លោក Wang បាននិយាយថា គាត់នឹងត្រលប់ទៅហាងដដែលនៅថ្ងៃចន្ទ ទី២០ ខែធ្នូ ដើម្បីលក់ផលិតផលបន្ថែមទៀត។ លោក Wang អតីតតារាចម្រៀងក្នុងកម្មវិធី Getai បានឱ្យដឹងថា គាត់ធ្លាប់លក់របស់ជាច្រើន រួមទាំងរថយន្តដូចជា Mercedes និង Toyotas ជាដើម ប៉ុន្តែមិនដែលលក់បានលើសពី ១ លានដុល្លារឡើយ។ គាត់ក៏បានប្រកាសថា គាត់គ្រោងនឹងប្រើប្រាស់ប្រាក់ចំណូលមួយចំនួន ដែលគាត់ទទួលបានពីការលក់នេះដើម្បី “ផ្គត់ផ្គង់តម្រូវការមូលដ្ឋានដល់គ្រួសារដែលមានចំណូលទាបចំនួន ១,០០០គ្រួសារ នៅក្នុងប្រទេសសិង្ហបុរី” ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ nextshark