Vietnam Airlines ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីរបស់វៀតណាម គ្រោងនឹងលក់យន្តហោះចំនួន ២៧គ្រឿងបន្ថែមទៀត
អាជីវកម្ម December 16, 2021 Khmernote

ក្រុមហ៊ុន Vietnam Airlines គ្រោងនឹងលក់យន្តហោះចំនួន ២៧គ្រឿង ដោយក្នុងនោះយន្តហោះចំនួន ១៥គ្រឿងនឹងលក់ក្នុងខែនេះ និង ១២ គ្រឿងទៀតលក់ក្នុងរយៈពេល ២ឆ្នាំខាងមុខ។ នាយកប្រតិបត្តិលោក Le Hong Ha បានប្រាប់អង្គប្រជុំវិសាមញ្ញនៃភាគទុនិកកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនមានគម្រោងលក់យន្តហោះ A321 ចំនួន ៩គ្រឿង និង ATR-72 ចំនួន ៦គ្រឿងក្នុងខែធ្នូ។

លោកបានពន្យល់ថា ផែនការនេះមានគោលបំណងកាត់បន្ថយចំនួនយន្តហោះដែលវៀតណាមកាន់កាប់នាពេលបច្ចុប្បន្ន និងបង្កើនល្បឿនទំនើបកម្មកងនាវារបស់ខ្លួន ដោយជំនួសយន្តហោះដែលមានអាយុលើសពី ១២ឆ្នាំ។ គួរឱ្យដឹងថា Vietnam Airlines បច្ចុប្បន្ន មានយន្តហោះចំនួន ១០៦គ្រឿងក្នុងនោះមានយន្តហោះតួធំទូលាយចំនួន ២៩ និងយន្តហោះ ATR-72 ចំនួន ៧គ្រឿង ហើយក្រុមហ៊ុនអាកាសចរណ៍ ១នេះ ក៏បានលក់យន្តហោះ A321 ចំនួនពីរគ្រឿងក្នុងរយៈពេលប្រាំខែចុងក្រោយនេះ។

ជាមួយនឹងឧស្សាហកម្មអាកាសចរណ៍ស៊ីវិលដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺ កូវីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដកកៅអីចេញពីយន្តហោះដឹកអ្នកដំណើរដែលមានតួធំទូលាយចំនួន ៨ និងយន្តហោះ A321 ចំនួន ៧គ្រឿង ដើម្បីប្រើប្រាស់ជាយន្តហោះដឹកទំនិញ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress