របរដើរប្រមូលទិញសក់របស់ស្រីៗតាមផ្ទះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង សក់មួយក្បាលលក់បានក្នុងតម្លៃ… (មានវីដេអូ)
អាជីវកម្ម December 14, 2021 Khmernote

តើអ្នកដឹងទេ? សក់គឺជាឧស្សាហកម្មដ៏មានតម្លៃថ្លៃមួយ ហើយឧស្សាហកម្មមួយនេះ មានតម្លៃសរុបរហូតដល់ទៅ ១.៣ ពាន់លានដុល្លារឯណោះ។ សក់ដែលមានគុណភាពខ្ពស់ត្រូវបានគេលក់ក្នុងតម្លៃរាប់ពាន់ដុល្លារនៅជុំវិញពិភពលោក ប៉ុន្តែអ្នកដែលលក់សក់របស់ខ្លួនទៅឱ្យឈ្មួញ ត្រូវបានគេដឹងថា ទទួលបានកម្រៃប្រមាណ ៧ ដុល្លារប៉ុណ្ណោះ នៅក្នុងការលក់មួយលើកៗរបស់ខ្លួន។

បើយោងតាមវីដេអូមួយដែលបង្ហោះដោយ Business Insider ស្ដីពីការតាមប្រមាញ់សក់របស់ឈ្មួញ នៅឯទីក្រុងហាណូយ បានបង្ហាញថា ឈ្មួញត្រូវធ្វើដំណើរក្នុងមួយថ្ងៃប្រមាណ ៥០ ម៉ាយ (៨០គីឡូម៉ែត្រ) នៅតាមបណ្ដោយផ្លូវក្នុងទីក្រុងហាណូយ ដើម្បីរកទិញសក់ពីស្រ្ដីដែលមានសក់ត្រង់ និងវែង ហើយការធ្វើដំណើររបស់ពួកគេក៏មិនងាយស្រួលប៉ុន្មានដែរ។ ដោយសារបញ្ហាអាកាសធាតុក្ដៅ ភ្លៀង ឬផ្លូវឆ្ញាយជាដើម។

សក់ខ្លះត្រូវប្រមូលទិញពីហាងកាត់សក់ ហើយខ្លះទៀតគឺទិញពីស្ត្រីមេផ្ទះ ឬអ្នកដែលចង់បានចំណូលបន្ថែម ហើយពួកគេលក់សក់របស់ខ្លួនក្នុងតម្លៃធូរថ្លៃបំផុត។ ចំណែកឯឈ្មួញទិញផ្ទាល់ក៏អាចរកចំណូលបានគ្រាន់បើផងដែរ ដោយអាចរកបានជាង ៣០០ ដុល្លារ ក្នុងមួយខែៗ ដែលចំណូលទាំងនេះ គឺខ្ពស់ជាងប្រាក់ចំណូលមធ្យមនៅក្នុងប្រទេសវៀតណាមទៀតផង។

យ៉ាងណាក៏ដោយ បើនិយាយពីការកំណត់តម្លៃ ឬស្ដង់ដារសក់ គឺកាន់តែមិនច្បាស់លាស់ទៅទៀត ដោយសារវាអាស្រយ័យលើប្រភេទសក់ និងប្រវែងសក់ និយាយជារួម សក់កាន់តែវែងលក់បានកាន់តែថ្លៃ។ អាជីវកម្មនេះគឺមិនមានច្បាប់កំណត់ត្រឹមត្រូវនោះទេ ខណៈដែលអ្នកលក់ភាគច្រើនគឺជាស្ដ្រីដែលខ្វះខាតលុយកាក់នៅក្នុងការចំណាយប្រចាំថ្ងៃ ឬក្នុងគ្រួសាររបស់ពួកគេ៕

អត្ថបទ៖ លីដា
ប្រភព៖ Business Insider