ផ្សារ Toyosu ក្នុងទីក្រុងតូក្យូ គឺជាទីផ្សារត្រីដ៏ធំបំផុតនៅក្នុងពិភពលោក ហើយក៏ជាកន្លែងសម្រាប់ការដេញថ្លៃត្រីធូណា ដ៏ល្បីល្បាញលើពិភពលោកផងដែរ។ អ្នកដេញថ្លៃ និងអ្នកជំនាញបានសម្រុកទៅទីផ្សារមួយនេះរៀងរាល់ព្រឹក ដើម្បីមានឱកាសទិញត្រីធូណាលំដាប់កំពូល ជួនកាលអ្នកទិញហ៊ានចំណាយប្រាក់រហូតដល់ ៣លានដុល្លារឯណោះ សម្រាប់ត្រីធូណា ១ក្បាល។
បើតាមឯកសារជាវិដេអូរបស់ businessinsider បានបង្ហាញថា នៅក្នុងផ្សារត្រីដ៏ល្បីល្បាញមួយនេះ គ្រឿងសមុទ្ររួមទាំងត្រូធូណាជាង ១៤០០ តោន ត្រូវបានដាក់លក់ជារៀងរាល់ថ្ងៃ ដែលគិតជាប្រាក់មានតម្លៃ ១.៤ ពាន់លានយ៉េន (ជិត ១៣លានដុល្លារ)ហើយត្រីធូណាគឺជាទំនិញដែលលក់ដាច់ជាងគេ។ ផ្សារនេះ មិនដូចផ្សារ គ្រឿងសមុទ្រទូទៅទេ ពោលគឺ មឹកត្រូវបាននាំចូលនៅពេលព្រឹកព្រលឹម ប្រភេទត្រីសមុទ្រផ្សេងៗនាំចូលនៅមុនពេលយប់ជ្រៅ ហើយត្រីធូណា នាំចូលរៀងរាល់មួយម៉ោងម្ដង។
នៅចន្លោះម៉ោង ៣ព្រឹក ដល់ ម៉ោង ៥ព្រឹក អ្នកលក់ដុំ និងបុគ្គលិកនៅក្នុងផ្សារដ៏ធំមួយនេះ បានដើរមើល និងជ្រើសត្រី មុនការដេញថ្លៃធ្វើឡើង។ នៅពេលដែលលឺសម្លេងជួង ការដេញថ្លៃត្រូវបានចាប់ផ្ដើម អ្នកដេញថ្លៃ និងពាណិជ្ជករត្រូវស្រែក និងប្រើលើកម្រាមដៃជាសញ្ញាក្នុងការប្រជែងគ្នា ដើម្បីទទួលបានផលិតផលល្អបំផុតប្រចាំថ្ងៃ។ គួរបញ្ជាក់ថា ផ្សារ Toyosu ក្នុងទីក្រុងតូក្យូបានបើកដំណើការនៅក្នុងឆ្នាំ២០១៨ ជំនួសឱ្យផ្សារដែលមានអាយុ ៨៣ឆ្នាំនៅ Tsukiji ដែលល្បីល្បាញសម្រាប់ការដេញថ្លៃត្រីធូណាពេលព្រឹកព្រលឹម និងកន្លែងទាក់ទាញទេសចរណ៍កំពូលមួយនៅក្នុងរដ្ឋធានីរបស់ប្រទេសជប៉ុន៕









អត្ថបទ៖ លីនី
ប្រភព៖ reuters


